ព័ត៌មានជាតិ

Update៖បណ្តេញជនជាតិចិន៦១នាក់ ចេញពីកម្ពុជា ករណីជំរិតទាប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត

ភ្នំពេញៈ មួយរយៈនេះសង្កេតឃើញថា ជនបរទេស ប្រព្រឹត្តបទល្មើសខុសច្បាប់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ ធ្វើការបង្ក្រាបបាន និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ។

ជាក់ស្តែង នាវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ច អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន៦១នាក់ ក្នុងនោះស្រី១៣នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយមានការសហការពីក្រសួង សន្តិសុខជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេស ចំនួន ១គ្រឿង មកទទួលយកដល់ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។

ការបណ្ដេញជនជាតិចិនទាំង៦១នាក់នេះ ធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់ឲ្យដឹងថាជនជាតិចិនទាំង៦១នាក់នេះ ត្រូវបានធ្វើការបង្ក្រាបកាលពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៧ ចំនួន៣ទីតាំង រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ពាក់ព័ន្ធ ករណីឆរបោក គំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ( VOIP ) ។

សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់បញ្ជាក់ឲ្យដឹងថា ចាប់តាំងពីបង្កើត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីឆ្នាំ២០១៤ សមត្ថកិច្ច អន្តោប្រវេសន៍បានបង្ក្រាប ពាក់ព័ន្ធ ករណីឆរបោក គំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ( VOIP ) ចំនួន ១៥លើក ឃាត់ជនសង្ស័យជនជាតិចិន ១១៨៧នាក់ ក្នុងនោះ ស្រី ២៤២នាក់ ។ ដោយឡែក ចាប់ពីដើមឆ្នាំ ២០១៧ រហូតដល់ ខែតុលា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ករណីឆរបោក គំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ( VOIP ) ចំនួន ៥លើក ឃាត់ជនសង្ស័យជនជាតិចិន ៤០៧នាក់ ក្នុងនោះ ស្រី ៧៦នាក់ ។ ជាក់ស្តែង នៅក្នុងខែតុលា ឆ្នាំ២០១៧ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបង្ក្រាប ជនបរទេសខុសច្បាប់ ចំនួន ៣លើក ឃាត់ជនសង្ស័យជនជាតិចិន ១៣៥នាក់ ក្នុងនោះ ស្រី ២៧នាក់ នឹងបានធ្វើការបណ្តេញទៅកាន់ប្រទេសកំណើតវិញ ។

សូមបញ្ជាក់ឲ្យដឹងថា ការបណ្តេញជនសង្ស័យជនជាតិចិន ចំនួន ៦១នាក់ ស្រី ១៣នាក់ ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត (VOIP) ទៅកាន់ប្រទេសចិន រួមមាន ខេត្ត Quangdong, ខេត្ត Henan និង ខេត្ត Chungsing ទៅកាន់ប្រទេសចិន តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដោយជើងយន្តហោះលេខ CZ3002 ៕

https://youtu.be/dz_moVUudgk

មតិយោបល់