កណ្តាលៈ មានករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទន្លេមេគង្គ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សពជនរងគ្រោះខាងលើនេះមានឈ្មោះ បាវ ស្រីណា ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ផល បាវ អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះ ហាំ ស្រីណេត អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរលេងជាមួយមិត្តភក្តិ២នាក់ទៀតដែលមានអាយុប្រហាក់ប្រហែលគ្នាមានចំងាយពីផ្ទះ២០ម៉ែត្រ នៅក្បែរច្រាំងទន្លេហើយក៏បានរអិលធ្លាក់ចូលក្នុងទឹកទន្លេបណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍គគីរធំបានសហការជាមួយកម្លាំងជំនាញមានលោកមេភូមិលោកប្រធានមណ្ឌលសុខភាពឃុំ បានចុះពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់