ព័ត៌មានជាតិ

ឃាត់ខ្លួន​និស្សិត​ម្នាក់​បង្ហោះ​ចែកចាយវីដេអូ​អាស​ភាស​ជាមួយ​សង្សារ​

ភ្នំពេញៈ និស្សិត​ម្នាក់​ត្រូវ​គ្រួសារ​ខាង​ស្រី​នាំខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយសារ​បង្ហោះ​វីដេអូ​អាសអាភាស​ជាមួយ​សង្សារ​ដែល​បាន​ថត​នាពេល​កន្លងមក ដោយសារ​ខឹង​នាង​សុំ​ចែកផ្លូវ​គ្នា។ ការឃាត់ខ្លួន​ខាង​ប្រុស​នេះ​នៅវេលា​ម៉ោង​ ១៨​និង​០០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​វត្ត​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​

​ជនរងគ្រោះ​ឈ្មោះ គ​.​ស​.​ឡ អាយុ​ ២០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ដូនតី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
​ជនសង្ស័យ​ជា​សង្សារ​ឈ្មោះ វ៉ាន់ សុគន្ធ ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

ដំណើររឿង៖ មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ​ធ្លាប់​ស្រឡាញ់គ្នា​តាំងពី​ឆ្នាំ​២០១៦ រហូតដល់​ចុងឆ្នាំ២០១៨ ដោយ​ធ្លាប់មាន​ស្នេហា​ផ្អែមល្ហែម ជាមួយគ្នា និង​ថតរូប​-​ថត​វីដេអូ​ទុក​ក្នុង​ទូរស័ព្ទដៃ ។ បន្ទាប់មក​ក៏មាន​ទំ​ទាស់​គ្នា ខាង​ស្រី​សុំ​ចែកផ្លូវ ពេលនោះ​ខាង​ប្រុស​បាន​បង្ហោះ​រូបថត​វីដេអូ​អាសអាភាស​ទៅ​ទូរស័ព្ទដៃ​របស់​នាង​ជា​សង្សារ​តាម​ប្រព័ន្ធ Messenger Facebook ដោយ​គំរាម​ជនរងគ្រោះ​ថា បើ​បែក​គ្នា​នឹង​បង្ហោះ​វីដេអូ​ឲ្យ​គេ​មើល ហើយ​បាន​ទារលុយ​ពី​ជនរងគ្រោះ ៥០០​ដុល្លារ តែ​ជនរងគ្រោះ​មិន​ឲ្យ។​
​លុះដល់​ថ្ងៃទី​៣០ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៨ ជនរងគ្រោះ និង​ជនសង្ស័យ​ជាមួយ​ក្រុមគ្រួសារ​ទាំងពី​រ​(​ខាង​ប្រុស និង​ខាង​ស្រី​)​បាន​ជួបគ្នា​ធ្វើ​កិច្ចសន្យា​មិន​បង្ហោះ​រូបថត​វីដេអូ​អាសអាភាស​ទៅខាង​ក្រៅ​ទេ និង​ឲ្យ​ទូរស័ព្ទដៃ​ជនសង្ស័យ​ទៅ​ជនរងគ្រោះ​លុប​រូបថត​វីដេអូ​អាសអាភាស​ទាំង​អស់ពី​ក្នុង​ទូរស័ព្ទ​ជនសង្ស័យ ។ ស្រាប់តែ​រហូតដល់​ថ្ងៃទី២៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ ០៧​និង​១៥​នាទី ក៏មាន​គេ​ផ្ញើ​រូបថត​វីដេអូ​អាសអាភាស​របស់​ជនរ​ង​គ្រោះ​តាម​ប្រព័ន្ធ Messenger Facebook ទៅ​ទូរស័ព្ទដៃ​ជនរងគ្រោះ រួច​ជនរងគ្រោះ​សួរ​គេ​ប្រាប់ថា បាន​រូបថត​វីដេអូ​នេះ​ពី​ក្នុង​គ្រុប Messenger Facebook ដែល​ជនសង្ស័យ បង្ហោះ​ចូល​កន្លងមក ។ រហូតដល់​ម៉ោង​ ១៨​និង​០០​នាទី​ថ្ងៃ​ដដែល ជនរងគ្រោះ និង​ក្រុមគ្រួសារ​ណាត់ជួប​ជនសង្ស័យ​នៅក្នុង​វត្ត​និរោធ រួច​ក៏​នាំខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​និរោធ ធ្វើការ​សាកសួរ ហើយ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​បន្ត ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ខណ្ឌ​ច្បារអំពៅ​សាកសួរ និង​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

មតិយោបល់