ព័ត៌មានជាតិ

បុរសម្នាក់ឡើងយកទឹកត្នោត បាក់បង្អោងឫស្សីធ្លាក់រងរបួសធ្ងន់

​ភ្នំពេញៈ បុរសម្នាក់វ័យជាង២០ឆ្នាំ ដែលជាអ្នកប្រកបរបរឡើងត្នោតយកទឹកដើម្បីលក់ ខណៈដែលកំពុងឡើងដើមត្នោត ចៃដន្យស្រាប់តែបាក់បង្អោងឫស្សី បណ្តាលឲ្យធ្លាក់តាំងពីលើចុងត្នោតកំពស់ជាង៩ម៉ែត្រ មកដីរងរបួសធ្ងន់ បាក់ចង្កេះ បាក់ជើង កាលពីវេលា ម៉ោង៦និង៥០នាទី ព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ ណាក់ ណុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ឡើងត្នោត មានប្រពន្ធឈ្មោះ ផល ចាន់នី អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុស២នាក់ក្នុងបន្ទុក ស្នាក់នៅ រោងលក់ទឹកត្នោតជូរ ក្បែរបញ្ជាការដ្ឋានកងទ័ពជើងអាកាស ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបាគ្រង ឃុំគោករវៀង ស្រុកបាយធាយ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ នៅពេលដែលរដូវឡើងត្នោត ជនរងគ្រោះនាំទាំងគ្រួសារ កូនចៅមកស្នាក់នៅ សង់តូប រោង លក់ទឹកត្នោតជូរ នៅក្នុងភូមិកន្ទោកត្បូង រៀងរាល់រដូវឡើងត្នោត ហើយមុនពេលកើតហេតុ ជនរងគ្រោះ ចេញមកពីរោងលក់ដូរ មកឡើងត្នោតយកទឹក ដូចសព្វថ្ងៃ តែជាអកុសល ថ្ងៃនេះជនរងគ្រោះជួបហេតុការណ៍នេះតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា រាល់ពេលព្រឹក និងពេលល្ងាច ឃើញជនរងគ្រោះ មកឡើងដើមត្នោត ដើម្បីយកទឹករាល់ថ្ងៃ លុះនៅព្រឹកកើតហេតុ ជនរងគ្រោះជិះម៉ូតូ មកឡើងត្នោតដូចសព្វដង ខណៈដែលឡើងជើងដល់លើចុងហើយ នៅកំពស់ប្រហែល៩ម៉ែត្រ ស្រាប់តែ បាក់បង្អោងឫស្សី ធ្លាក់ជនរងគ្រោះមកដី បណ្តាលឲ្យរងរបួសធ្ងន់ តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់