កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់និងរបួសធ្ងន់និងស្រាលយ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និងនាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨៥-៨៦ ភូមិទី១ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5010 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេច) មកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 2B-0025 បើកបរដោយឈ្មោះ ចាន់ ហុង ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបររូបនេះស្លាប់ អ្នកជិះក្នុងរថយន្តសាំយ៉ុង ឈ្មោះ មាស ស៊ីវង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្លាប់ និង ម្នាក់ទៀតមិនស្គាល់ ឈ្មោះ ភេទស្រី ស្លាប់ដូចគ្នា។
ក្នុងនោះក៏បានបណ្តាលឲ្យឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ យោធាស្រែខ្លុង របួសស្រាល , ឈ្មោះ ហុង ភេទប្រុស អាយុប្រហែល២៦ឆ្នាំ របួសធ្ងន់ (មិនដឹងអាស័យដ្ឋាន) និងក្មេងប្រុសម្នាក់ទៀត មិនស្គាល់ឈ្មោះរបួសស្រាល។
ដោយឡែករថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់