បាត់ដំបងៈ លោកវរៈសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់ Post News ថា មានការប្រទះឃើញសាកសពស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចក្នុងផ្ទះលេខ០៣៤ ក្រុមទី២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ កែវ សេដ្ឋា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីជនរងគ្រោះខឹងនឹងម្ដាយស្ដីបន្ទោសពីរឿងប្រុសឈ្មោល។
ក្នុងនោះបើតាមការបញ្ជាក់របស់ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ៦៨ឆ្នាំ ជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៩ តុលា ឆ្នាំ២០១៧ វេលាម៉ោង៦ ទៅម៉ោង៧យប់ គាត់បានស្ដីបន្ទោសឲ្យកូនស្រីដែលជាជនរងគ្រោះ លុះដល់វេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលាខណៈដែលគាត់ក្រោកពីដំណេកវិញក៏ឃើញកូនស្រីបានយកខ្សែលីឡុងចងក ជាប់នឹងរ៉តក្រោមឡៅ តឿនក្នុងផ្ទះ ក៏ប្រញាប់ទៅស្រាយដើម្បីធ្វើការសង្គ្រោះ តែកូនបានស្លាប់បាត់ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពខាងលើពិតជាបានស្លាប់ដោយសារ ធ្វើអត្តឃាតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់