ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ទទួលជំនួយពីគ្រួសារតារាកម្ពុជា និងស្នើសុំថវិកាវះកាត់បន្ទាន់

កាលពីព្រឹកថ្ងៃ៣០ តុលា គ្រួសារតារាកម្ពុជាបានប្រគល់ថវិកាជំនួយពីសមាជិកក្នុងក្រុមរបស់ខ្លួនចំនួន៧៤០ដុល្លារ និង១៥ម៉ឺនរៀលជូនដល់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែនាងមានជំងឺប្រហោងបេះដូងតាំងពីអាយុ៧ឆ្នាំ ហើយបានឈានដល់ដំណាក់កាលដាច់សរសៃប្រើសបេះដូង និងប្រឈមការខ្វះខាតខ្លាំង។ ក្រៅពីទទួលបានជំនួយសម្បុរសធម៌ក្នុងជំហានដំបូងនេះ កញ្ញាក៏ត្រូវបានសប្បុរសជនមួយរូបចេញលុយធ្វើលិខិតឆ្លងដែនអោយជាបន្ទាន់ដើម្បីទៅព្យាបាលនៅក្នុងប្រទេសថៃផងដែរ ខណៈដែលថ្លៃព្យាបាលត្រូវបានសប្បុរសជនមួយចំនួនប្រកាសថានឹងជួយរកអោយតាមក្រោយ សំខាន់អោយតែនាងបានទៅដល់ពេទ្យជំនាញ និងបានរស់សិនក្នុងពេលជំងឺឈានដល់ដំណាក់ចុងក្រោយ។

អ្នកស្រី ដួង សុជាតា ម្ដាយកញ្ញាពេជ្រ ចរណៃ និយាយថានាងមានជំងឺប្រហោងបេះដូងតាំងពីអាយុ៧ឆ្នាំម្ល៉េះ គឺស្របគ្នានឹងឪពុករបស់នាងត្រូវបានស្លាប់ដោយសារពុលដំឡូងហើយបញ្ជូនទៅមន្ទីរពេទ្យមិនទាន់។ ប៉ុន្តែជំងឺរបស់នាងមិនសូវធ្វើទុក្ខប៉ុន្មាននោះទេទើបតែចេះបណ្ដោយយូរទៅៗ ដល់ថ្នាក់ដាច់រហែកសរសៃប្រើសបេះដូងតែម្ដង ហើយត្រូវបានអ្នកជំនាញក្នុងមន្ទីរពេទ្យខ្មែរប្រកាសថាពិបាកព្យាបាលក្នុងស្រុក។ នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងស្រុកប៉ុន្មានលើកហើយ ដោយមុននេះបន្តិចទើបតែបានចាកចេញពីមន្ទីរពេទ្យជោរីនៅបឹងស្នោ ហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថានៅសល់តែមធ្យោបាយវះកាត់មួយគត់ ទើបអាចជួយសង្គ្រោះជីវិតចុងក្រោយរបស់នាងបាន។ អ្នកស្រីបន្តថា អ្នកស្រីអត់មានផ្ទះសំបែងផ្ទាល់ខ្លួននោះទេ ដោយសារតែក្នុងមួយរយៈពេលមុនអ្នកស្រីជាម្ដាយក៏មានជំងឺដុះសាច់ក្នុងខួរក្បាល ហើយគ្រាន់តែឡើងចុះព្យាបាលចុះឡើងៗក៏ត្រូវលក់ផ្ទះអស់មួយនៅម្ដុំទួលគោក។ យ៉ាងណាមិញ អ្នកស្រីប្រាប់ថាបើត្រឹមតែមួយរស់អ្នកស្រី និងកូនទាំង៣អាចរស់នៅបាន បើកុំតែពេជ្រ ចរណៃ ធ្លាក់ខ្លួនឈឺដល់ម្លឹង។

អ្នកស្រីថាខ្លួនរស់នៅតែក្នុងផ្ទះជួលប្រមាណជា១០ឆ្នាំមកហើយ ប៉ុន្តែក៏ឆ្លៀតជួលកន្លែងរកស៊ីផងដែរ ដូចជាជួលផ្ទះបើកលក់ចាប់ហួយ និងចុងក្រោយគឺពេជ្រ ចរណៃ បានបើកហាងកាត់សក់បុរស ហើយទទួលបានលុយកាក់ពីការថតកុនរបស់នាង យកមកផ្ទប់ការចំណាយ។ អ្នកស្រីប្រាប់ថាស្ថានភាពរស់នៅចាប់យ៉ាប់យឺនស្ទើររកលុយបង់ថ្លៃលែងបាន ដោយសារតែកូនស្រីធ្លាក់ខ្លួនដួលខ្ពោក ហើយអ្នកស្រីមិនមានលទ្ធភាពបញ្ជូនទៅវះកាត់នៅក្នុងដំណាក់កាលដែលស្ថានភាពជំងឺរបស់នាងស្ថិតក្នុងដំណាក់កាលចុងក្រោយ។

អ្នកស្រីប្រាប់ថាបើអត់វះកាត់ទាន់ពេល គឺពេជ្រ ចរណៃ នឹងប្រឈមអាយុជីវិត ដោយសារតែបេះដូងដែលដាច់សរសៃឈាមនោះ ឈានដល់ដំណាក់ធ្ងន់ធ្ងរ ហើយតែងតែបណ្ដាលអោយនាងសន្លប់ ថប់ដង្ហើម និងមានឈាមហូរតាមមាត់ តាមច្រមុះ និងរឹងថ្គាមជារឿយ។ អ្នកស្រីសប្បាយចិត្តដែលទទួលបានថវិកាសប្បុរសធម៌ពីគ្រួសារតារាកម្ពុជា និងត្រូវបានសប្បុរសជនប្រចាំអង្គការ«ខ្ញុំខ្មែរ»ជួយនាងអោយមានលិខិតឆ្លងបន្ទាន់មួយ ដើម្បីបញ្ជូនទៅវះកាត់ ក្នុងពេលដែលនាងមិនទាន់ច្បាស់រឿងពីលុយកាក់ដើម្បីវះកាត់នៅឡើយ។ អ្នកស្រីថាម្ចាស់ផលិតកម្មទេពនិករ ក៏បានអះអាងថានឹងជួយរកសប្បុរសជនដើម្បីអោយនាងមានលទ្ធភាពបានវះកាត់នៅក្នុងប្រទេសថៃនោះដែរ តែសម្រាប់លទ្ធផលនៅមិនទាន់ច្បាស់១០០ភាគរយនោះទេ។

យ៉ាងណាមិញ អ្នកស្រីនឹងបញ្ជូនកូនស្រីទៅកាន់ប្រទេសភ្លាមៗបន្ទាប់ពីទទួលបានលិខិតឆ្លងដែន ដែលធ្វើអោយបន្ទាន់ដោយម្ចាស់អង្គការខ្ញុំខ្មែរ ដោយអ្នកស្រីរំពឹងថានឹងមានសប្បុរសជនជួយដល់កូនស្រីរបស់ខ្លួនតាមក្រោយក្នុងពេលតម្រូវការវះកាត់ត្រូវបានធ្វើឡើង៕

https://youtu.be/WrvnKdeOeI8

មតិយោបល់