ព័ត៌មានជាតិ

វាយឪពុកម្តាយជាច្រើនលើក និងចង់ដុតផ្ទះចោល ត្រូវឪពុកវាយសម្លាប់រួចអូសសពទម្លាក់នៅក្នុងស្រះទឹក!

​សៀមរាបៈ កាលពីវេលាម៉ោង១និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​បុរសម្នាក់ត្រូវបានឪពុកកាប់សម្លាប់​ រួចអូសយកសាកសពទៅទម្លាក់នៅក្នុងស្រះទឹក រួច​រត់គេចខ្លួនបាត់ស្រមោល នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ (វិកលចរិត​​សសៃប្រសាទ)​។
លុះព្រឹកថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច​បានចុះដល់កន្លែងកើតហេតុ​ដើម្បីស្រាវជ្រាវ ហើយបើតាមសាក្សីបានឲ្យដឹងថា ឈ្មោះស៊ិន ធុល ភេទប្រុស អាយុ៥៥ឆ្នាំ បានកាប់ និងវាយ កូនរបស់ខ្លួន នៅចំណុច​លើថាសជណ្តើរផ្ទះរបស់ខ្លួន រួចហើយអូស ជនរងគ្រោះទៅខាងក្រោយផ្ទះបាត់ លុះដល់ម៉ោង​២យប់​ក្នុងថ្ងៃដដែល ឈ្មោះស៊ិន ធុល និងប្រពន្ធ ឈ្មោះស៊ិន ឈន់ដែលត្រូវជាឪពុកម្តាយជនរងគ្រោះ បានចាកចេញពីផ្ទះតែម្តង។

ចំពោះសាកសពបានរកឃើញនៅក្នុងទឹកស្រះក្រោយផ្ទះកើតហេតុ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល នៅលើសាកសពឃើញស្នាមកាប់និងកាំបិតត្រូវមួយកន្លែងត្រង់លើត្រចៀកខាងឆ្វេង និងលើក្បាលហើមជាំ​។

ករណីនេះមុខសញ្ញាសង្ស័យគឺ ឪពុកបង្កើត​ ដែលខឹងនិងកូន​ធ្វើសកម្មភាព ចង់ដុតផ្ទះបំផ្លាញទ្រព្យក្នុងផ្ទះ ថែមទាំងវាយឪពុកម្តាយជាច្រើនលើក កាលពីកន្លងមក។

ករណីនេះសមត្ថកិចកំពុងបន្តនីតិវិធីច្បាប់៕​

មតិយោបល់