ភ្នំពេញៈ ទីតាំងក្លឹបកម្សាន្ត Pop និង Disco ២ទីតាំង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវបានប្រជាពលរដ្ឋក្បែរខាងផ្តិតមេដៃប្តឹងទៅអាជ្ញាធរ ពាក់ព័ន្ធ ប្តឹងពីការ បង្កសម្លេងបទភ្លេងខ្លាំងៗ រំខានដល់ដំណេកនាពេលរាត្រីរបស់បងប្អូនពលរដ្ឋនៅតំបន់នោះ។
ទីតាំងក្លឹបកម្សាន្តទាំង២ ទី១មានយីហោ « ROUTE 57 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងមួយកន្លែងទៀតមានយីហោឈ្មោះ Blue Dog ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ខណ្ឌជាមួយគ្នា។
ប្រជាពលរដ្ឋបានឱ្យដឹងថា អាជីវកម្មក្លឹបកម្សាន្តទាំង២ទីតាំងចាប់បើកដំណើរការតាំងពីម៉ោង៦ល្ងាច ដល់ម៉ោង២ ទៅ៣ទៀបភ្លឺឯណោះ ហើយក្រៅពីសម្លេងភ្លេងលឺខ្លាំងៗ ក៏មានការផឹកស៊ី ស្រែកឡូឡា រោទ៍ម៉ូតូនៅលើដងផ្លូវខាងមុខក្លឹបផងដែរ។
ក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារនោះ នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្តទាំង២ទីតាំង ខាងលើរកឃើញថា ទីតាំងក្លឹបកម្សាន្តទាំង២នេះ ពិតជាមានសម្លេងភ្លេងរំខានដល់ពលរដ្ឋ និងបើកដំណើរការលើសម៉ោងអាជីវកម្មដែលច្បាប់បានកំណត់ប្រាកដមែន។
លោក ប៊ុន សុភ័ក្ត្រ បានឱ្យដឹងថា រាល់ទីតាំងក្លឹបកម្សាន្តទាំងអស់ ប្រសិនបើមានការប៉ះពាល់ ក៏ដូចជាការរំខានផ្សេងៗដល់ពលរដ្ឋជិតខាង ហើយអាជ្ញាធររកឃើញថាមានបាតុភាពដូចពលរដ្ឋលើកឡើងប្រាកដមែននោះ ទីតាំងទាំងនោះនឹងត្រូវផ្អាកការដំណើរការអាជីវកម្មជាបណ្តោះអាសន្នដើម្បីរកដំណោះស្រាយ ប៉ុន្តែបើបាតុភាពរំខាននោះនៅបន្តកើតមានដដែលៗ ទីតាំងទាំងនោះនឹងត្រូវប្រឈមនឹងការបិទទ្វារអាជីវកម្មចោលតែម្តង ។
លោក ប៊ុន សុភ័ក្ត្រ បន្ថែមថា ប្រសិនបើម្ចាស់អាជីវកម្មបង្ហាញច្បាប់អាជីវកម្មរបស់ខ្លួនដល់អាជ្ញាធរ ក៏ដូចក្រុមអ្នកសារព័ត៌មាន នោះមានន័យថាទីតាំងទាំង២មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ប៉ុន្តែប្រសិនបើគ្មានការយកមកបង្ហាញនោះទេ នោះបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាតិនោះទេ។
គួររំលឹកថា កាលពីពេលកន្លងទីតាំង ក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបទាំង២ យីហោ ” 57 ” ធ្លាប់មានមន្ត្រីជំនាញ មកក្រសួងបរិស្ថាន ប្រមាណ៣ ទៅ៤នាក់ ចុះទៅពិនិត្យស្តង់ដារបច្ចេកទេសដល់ទីតាំនោះ ប៉ុន្តែពេលចុះទៅដល់ បែរជាត្រូវមនុស្សមួយក្រុមប្រដាប់ដោយអាវុធខ្លីជាប់នឹងចង្កេះ ដកកាំភ្លើងដេញគំរាមក្រុមមន្ត្រីទាំងនោះ អោយចេញពីក្លឹបកម្សាន្ត បង្កអោយពួកគេប្រញ៉ាប់ប្រញ៉ាលរត់ចេញពីទីតាំងនោះ ទាំងព្រលឹងចុងសក់គ្រប់គ្នា។
សូមបញ្ជាក់ថា កាលពីយប់មិញនេះ មិនមានម្ចាស់ទីតាំងទាំងពីរ បានចូលរួមទេ ដោយឱ្យតែតំណាងចូលរួម និងបានធ្វើកំណត់ហេតុសន្យាថា នឹងកែតម្រូវតាមសំណូមពររបស់ពលរដ្ឋ ដើម្បីកាត់បន្ថយសម្លេងរំខានតទៅទៀត៕
https://youtu.be/Tm1J3MHA8TI
មតិយោបល់