ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតយុវជនម្នាក់ និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យយុវជននាក់របួសធ្ងន់ និងស្លាប់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សាន គឹមសាន ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទបាញ់បេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-0957 ធ្វើដំណើរតាមបណ្តោយ ផ្លូវមុនីរ៉េតពីត្បូងទៅជើង ហើយបានបត់ឆ្វេង បំណងទៅផ្លូវវេងស្រេង ស្រាប់តែមានយុវជន ៣នាក់ ជិះម៉ូតូ ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A-8333 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនលឿនកាច់ចង្កូតមិនទាន់ ក៏ជ្រុលបុករថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ចំណែកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុទំនាក់ទំនងទៅជំនាញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

https://www.youtube.com/watch?v=mJL8yWZizgo

មតិយោបល់