ក្រុមបាល់ទាត់ Inter Milan បានចាប់ផ្តើមយ៉ាងល្អ ក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់ចាញ់មួយប្រកួតណាឡើយ ក្នុងចំណោម ១១ប្រកួយកន្លងមក ដោយឈ្នះ៩ប្រកួត និងស្មើ២ប្រកួត។
ជាក់ស្តែងណាស់ Inter Milan បានបន្តយកឈ្នះក្រុម Verona ក្នុងលទ្ធផល ២-១ បន្តទៀត ក្នុងការប្រកួតសប្តាហ៍ទី១១ យប់មិញនេះ។ ២គ្រាប់របស់ក្រុម Inter Milan រកបានដោយកីឡាករ Borja Valero នៅនាទីទី៣៦ និងកីឡាករ Ivan Perisic នៅនាទីទី ៦៧ ចំណែកក្រុមម្ចាស់ផ្ទះ Verona វិញ អាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករ Giampaolo Pazzini នៅនាទីទី ៥៩។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Inter Milan ឡើងមកឈរលេខ ២ក្នុងតារាង តាមពីក្រោយក្រុមកំពូលតារាង Napoli ចំនួន ២ពិន្ទុ ដោយមាន ២៩ពិន្ទុក្នុងដៃ តែនាំមុខក្រុមការពារតំណែងជើងឯក Juventus និង Lazio ចំនួន ១ពិន្ទុ។
គួរបញ្ជាក់ផងដែរថា Inter Milan រដូវកាលនេះ កំពុងតែលេងឡើងជើងយ៉ាងខ្លាំង ដោយមិនទាន់ស្គាល់ចាញ់ នៅឡើយទេ នាការប្រកួតកន្លងមកនេះ។ ក្នុងនោះដែរ Inter Milan ត្រូវបានគេជឿជាក់ថា បានវិលទៅរកភាពខ្លាំងក្លាឡើងវិញហើយ ដែលដូចទៅនឹងជំនាន់លោក Jose Mourinho ដឹកនាំកាលពី៨-៩ឆ្នាំមុន អ៊ីចឹង។ យ៉ាងវិញ ភាពខ្លាំងរបស់ Inter Milan នៅរដូវកាលនេះ ប្រហែលជាមកពីក្លិបបានចំណាយលុយច្រើន កាលពីរដូវក្តៅកន្លងមក ព្រមទាំងក្រុមយក្សមួយនេះ មិនមានតួនាទី ក្នុងពានអឺរ៉ុបណាមួយ ដូចក្រុមផ្សេងឡើយ ដែលធ្វើឲ្យ Inter Milan ពង្រឹងតែការប្រកួតក្នុងលីគ ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ Inter Milan រដូវកាលនេះ គឺជាបេក្ខភាពមួយយ៉ាងសំខាន់ ក្នុងការប្រជែងពាន រដូវកាលនេះ តាមរយៈការប្រកួតកន្លងមកនេះ ជាពិសេសក្នុងជំនួបជាមួយក្រុមខ្លាំង Roma និង Juventus ដែល Inter Milan បានឈ្នះរួចមកហើយ នៅឡើយតែក្រុម Napoli និង Lazio ដែលមិនទាន់បានជួប។
ដូច្នេះហើយ Inter Milan នឹងវិលទៅរកភាពខ្លាំងដូចដើមវិញហើយ ដែលនេះបង្ហាញឲ្យឃើញថា អតីតក្រុមជើងខ្លាំងអ៊ីតាលីមួយនេះ ចង់ឈ្នះពាន នៅរដូវកាលនេះ រួមទាំងចង់មានតំណែងក្នុងពានអឺរ៉ុបនៅរដូវកាលក្រោយផងដែរ។
មតិយោបល់