បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការស្រុកថ្មគោល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់៤នាក់ និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១១ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
រថយន្តខាងលើមានម៉ាក តូយ៉ូតាវីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AE-1322 អ្នកបើកបរឈ្មោះ ម៉ៅ វណ្ណរី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល (រត់គេចខ្លួនបាត់)។ ចំណែកម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1X-5277 អ្នកបើកបរឈ្មោះ ធឿន ទ្រី ភេទប្រស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំបឹងព្រីង ស្រុកថ្មគោល (រងរបួសធ្ងន់) និងអ្នករួមដំណើរ៤នាក់ ទី១ឈ្មោះ ធឿន ចាន់ឌី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅជាមួយអ្នកបើកបរម៉ូតូ(រងរបួសធ្ងន់),ទី២ឈ្មោះ ឌី វ៉ាន់ដា ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់នៅមន្ទីរពេទ្យ),ទី៣ឈ្មោះ វ៉ាន់ វិត ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) និងទី៤ឈ្មោះ សាត ហេង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់)។
មូលហេតុ រថយន្តបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងពេលទៅដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យម៉ូតូបើកបរពីក្រោយក្នុងទិសដៅស្របគ្នាបុកចំពាក់កណ្តាលរថយន្ត ស្លាប់អ្នករួមដំណើរម៉ូតូម្នាក់ និងរបួសធ្ងន់៤នាក់ ស្រី២នាក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់