ព័ត៌មានជាតិ

ជិះទូកទៅតាមប្តី បែរជាលិចទូកស្លាប់យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែងៈ មានករណីស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីបានជិះទូកទៅតាមប្តី តែបែរជាលិចទូកស្លាប់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ និងមានការភ្ញាក់ផ្អើលប្រទះឃើញសព នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រឡាញាស់ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សាកសពជនរងគ្រោះដែលលិចទូកស្លាប់ខាងលើនេះ មានឈ្មោះ ឌី វឿន ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកមូលហេតុ គឺកើតឡើង ដោយសារតែស្ត្រីរងគ្រោះបានអុំទូកទៅតាមប្តី ដោយនៅវេលាម៉ោង១០យប់ មានក្មេង២នាក់បានឃើញជនរងគ្រោះចេញទូក រួចសុំខ្ចីស្នាចបាចទឹកទូក មិនតែប៉ុណ្ណោះក្មេងបានសួរថា អ៊ំ ទៅណា តែជនរងគ្រោះតបថា អញទៅណាស្រេចតែអញ ហើយក៏ចេញទូកទៅបាត់ រហូតដល់ព្រឹកឡើងស្រាប់តែប្តីបានប្រទះឃើញទូកផ្កាប់នៅប្រហែល៥០ម៉ែត្រពីទន្លេ ទើបប្រញាប់ហួសមកដល់ខ្ទម តែមិនឃើញប្រពន្ធសោះ ក៏សង្ស័យនាំគ្នាមុជទឹករកមើល ស្រាប់តែឃើញសពប្រពន្ធ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា សពពិតជាស្លាប់ដោយសារតែលិចទូកបណ្តាលឲ្យលង់ពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់