ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរកាពីតូល បុកស្ត្រីស្រវឹងស្រាម្នាក់ដែលកំពុងដើរឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់មានអាការៈស្រវឹង បានដើរឆ្លងកាត់ផ្លូវត្រូវបានរថយន្តរបស់ក្រុមហ៊ុនកាពីតូល បុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនីចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ១២៥-១២៦ ភូមិបឹងសំរិទ្ធ ឃំុបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានគេឃើញជនរងគ្រោះឈ្មោះ អ៊ំ វៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិបឹងសំរិទ្ធ ឃំុបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាជនញៀនស្រាជាប្រចាំ បានដើរថ្មើជេីងឆ្លងកាត់ផ្លូវពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្តទេសចរ ដឹកអ្នកដំណើរ ៤៥ កៅអី ម៉ាកក្រេតបឺត ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-8780 របស់ក្រុមហ៊ុនកាពីតូល បេីកបរពីជើងទៅត្បូង ដោយឈ្មោះ វ៉ាន់ សាវ៉េន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃរំដេញ ឃំុព្រៃរំដេញស្រុកមេសាង ខេត្តព្រៃវែង (គេចខ្លួន) បានបុកពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់