ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post News ថា មានករណីហិង្សាមួយកើតហេតុ ដោយជនសង្ស័យម្នាក់ បានវាយទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសៀមប៉ាង ឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អិន ពយ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះមានឈ្មោះ តា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង មុខរបរមិនពិតប្រាកដ រងរបួសធ្ងន់។
ចំណែកមូលហេតុដែលផ្តើមចេញឲ្យមានករណីហិង្សានេះកើតឡើង គឺបន្ទាប់ពីពួកគេបាននាំគ្នាផឹកស៊ីជាមួយគ្នា ក្រោយមកក៏មានទំនាស់វាយគ្នាបណ្តាលឲ្យរងរបួសបែបនេះតែម្តង៕
មតិយោបល់