កណ្តាលៈ ក្រុមក្មេងទំនើង២ក្រុមបានជិះម៉ូតូដេញវាយគ្នាគប់ផ្អើលពេញតាមផ្លូវ ខណៈដែលក្រុមទាំង២បានជិះម៉ូតូមកមើលបុណ្យអុំទូក ហើយជិះម៉ូតូឌឺដងគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
បើតាមលោក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនល្មើស២ក្រុម៖ ក្រុមទី១ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។ ក្រុមទី២ មានគ្នា២នាក់ ១-ឈ្មោះ ប៊ុន ថាបណ្ឌិត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ អ៊ែល សំអឿន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក duke ពណ៌ស ពាក់ស្លាកលេខ 1CX-1734។
លោកអធិការបានបញ្ជាក់ប្រាប់ Post News ថា កាលពីវេលាកើតហេតុខាងលើជនល្មើសក្រុមទី២បានផឹកស្រវឹងរួចជិះម៉ូតូមកលេងបុណ្យអុំទូកនៅក្រុងភ្នំពេញ តែនៅពេលជិះដល់ចំណុចស្ពានបាក់ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បានជួប និងក្រុមម្ខាងទៀតមានគ្នាប្រហែល១០នាក់ ហើយក៏រើសដុំថ្មដេញគប់គ្នាទៅវិញទៅមកហើយក៏បែកគ្នាទៅ។
លុះក្រុមទី២ជិះមកដល់ចំណុចកើតហេតុខាងលើក៏បានជួបក្រុមទី១ម្តងទៀតក៏បានដេញគ្នាម្តងទៀតទើប ត្រូវសមត្ថកិច្ចដេញតាមឃាត់បាន២នាក់ខាងលើនៅចំណុចផ្លូវ៦០ម៉ែត្រតែម្តង។
តាមចម្លើយសារភាពរបស់ជនល្មើសទាំង២នាក់ឆ្លើយថា ពួកខ្លួនពិតជាបានយកដុំថ្មដេញគប់គ្នាទៅវិញទៅមកជាមួយក្រុមម្ខាងទៀតដេម្បីការពារខ្លួនពីភាគីម្ខាងទៀត ប្រាកដមែន ។ ចំណែកគ្រឿងញៀនវិញមិនចេះប្រើប្រាស់នោះទេ៕
មតិយោបល់