ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាជនជាតិចិន ត្រូវបានជនរងគ្រោះជាជនជាតិចិនដូចគ្នា ចាប់ក្របូចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ បន្ទាប់ពីធ្វើសកម្មភាពលួចលុយពីក្នុងកាបូបចំនួន១៦៧ដុល្លារនិង៤០,០០០រៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុមហ៊ុនCHMC ផ្ទះលេខ៧ ផ្លូវ៦០៤ កែងផ្លូវ៣១១ ក្រុមទី៣៦ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យមានឈ្មោះ WANG JIALE ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ SHI ZHENLING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរវិស្វករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចឲ្យដឹងទៀតថានៅ មុនពេលកើតហេតុ ជនរងគ្រោះបានបិទទ្វាចាក់សោក្រុមហ៊ុន CHMC ត្រឹមត្រូវ រួចបានចេញទៅហាត់កីឡា (វាយសី) រហូតដល់ម៉ោងប្រហែល៥និង៥០នាទីល្ងាច ទើបជនរងគ្រោះត្រឡប់មកក្រុមហ៊ុនវិញ រួចចូលទៅបន្ទប់ទឹកដើម្បីងូតទឹករហូតដល់ប្រហែល៦ល្ងាចទើបចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់លុយ១៦៧ដុល្លារ និងលុយខ្មែរ៤០០០០រៀល ពីក្នុងកាបូបរបស់ខ្លួនដែលដាក់នៅលើគ្រែ។ ពេលនោះជនរងគ្រោះក៏ដើរឆែកតាមបន្ទប់មើលស្រាប់តែឃើញជនសង្ស័យខាងលើកំពុងលាក់ខ្លួននៅក្រោមជណ្តើរពេលនោះជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ចាត់ការតាមច្បាប់តែម្តង។
ចំពោះវត្ថុតាងដែលចាប់បានមានលុយដុល្លារចំនួន១៦៧ដុល្លារនិងលុយខ្មែរចំនួន៤០,០០០រៀលក្បាលម៉ាសុីនកាមេរ៉ាសុវត្ថិភាព១ និងទូរសព្ទដៃម៉ាក Samsung s6plus ពណ៌ទឹកមាស១គ្រឿង។
សមត្ថកិច្ចបានប្រគល់លុយចំនួន១៦៧ដុល្លារ លុយខ្មែរ៤០,០០០រៀលនិងក្បាលកាមេរ៉ាសុត្ថិភាព១ជារបស់ជនរងគ្រោះទៅជនរងគ្រោះវិញតាមការស្នើសុំដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
មតិយោបល់