ព័ត៌មានជាតិ

ងោកមួយផាំងបើកបុកក្បាលនាគ ពុះចែកទ្រូងផ្លូវអស់ជាច្រើនកង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តធុនធំ ប្រភេទដឹកទំនិញ១គ្រឿង ដោយសារតែងងុយគេងពេក បានងោកមួយផាំង ស្រាប់តែរ៉េចង្កូតទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវអស់ជាច្រើនកង់។

ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តហ៊ីយុនដាយ ប្រភេទដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-0489 ហើយមានស្លាកបិទជាប់ទ្វារ រថយន្តដាក់ថា (កងដឹកជញ្ជូនឆ-ន) បើកបរដោយបុរសម្នាក់វ័យប្រហែលជា២០ឆ្នាំជាង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ តាកុងរថយន្តងោកមួយភាំង បណ្តាលឲ្យរ៉េចង្កូតទៅបុកទ្រូងផ្លូវ ហើយនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតរីឯរថយន្តវិញ រងការខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ តាកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលឆឹង ដោយសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់