ព័ត៌មានជាតិ

សំណុំរឿងឃាតកម្មលើនិស្សិតស្រីនៃសាលាវ៉ាន់ដា ហាក់ប្រែពណ៌បន្តិចម្តងៗ ក្រោយពីមានការផ្តល់សក្ខីកម្មក្លែងក្លាយ

ភ្នំពេញៈ សំណុំរឿងឃាតកម្ម លើនិស្សិតស្រីនៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ក្រោយពីបើកសវនាការអស់ជាច្រើនលើក រហូតដល់មានការប្រកាសសាលក្រម ចាត់របៀបម្តងកាលពីចុងឆ្នាំ២០១៥ រួចមកហើយនោះ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក វេ៉ង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកបើកសវនការលើអង្គសេចក្តីសារជាថ្មីម្តងទៀត។

ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះ ជនជាប់ចោទមានឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែកជនរងគ្រោះមានឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សា ជ្រោយចង្វា។ អ្វីដែលមហាជនកត់សម្គាល់នៅក្នុងវសនាការនាព្រឹកនេះគឺនៅត្រង់ថា តុលាការបានសាកសួរសាក្សីម្នាក់ឈ្មោះ យូ ម៉ាលីគី ភេទប្រុស ជាជនជាតិ ខ្មែរអុីស្លាម។ សាក្សីរូបនេះគឺមកឆ្លើយដើម្បីដោះបន្ទុកឱ្យជនជាប់ចោទឈ្មោះ ហុង កាលីឌីន ដោយបុរសម្នាក់នេះបានអះអាងថា រូបគេជាអ្នកស្រង់សពនារីសពនារីរងគ្រោះពីក្នុងទឹកទន្លេផ្ទាល់។ សាក្សីរូបនេះថែមទាំងបានបញ្ជាក់ថា នៅយប់កើតហេតុរូបគេ បានចូលក្លឹបឈ្មោះមេគង្គនៅខណ្ឌឬស្សីកែវ ឃើញនារីរងគ្រោះផឹកសុីជាមួយមិត្តភក្តិស្រី៥នាក់ និងបុរសភេទទី៣ ម្នាក់ ដោយមិនបានឃើញឈ្មោះ ហុង កាលីឌីន នៅជាមួយនារីរងគ្រោះនោះទេ ដូច្នេះចម្លើយរបស់សាក្សីគឺចង់បញ្ជាក់ថា ការស្លាប់របស់នារីរងគ្រោះគឺមិនជាប់ពាក់ព័ន្ធនឹងជនជាប់ចោទនោះទេ។

បើទោះជាសាក្សីបានអះអាងម្តងហើយម្តងទៀតថា រូបគេពិតជាស្គាល់ និងចាំមុខ រួមនឹងសម្លៀកបំពាក់នារីរងគ្រោះស្លៀកពេលត្រូវគេសម្លាប់នោះ ដូចទន្ទេញចាំមាត់ យ៉ាងណាក៏ដោយ ក៏នៅក្នុងអង្គសវនាការសាក្សី បានធ្វើឱ្យមហាជន និងអង្គសវនាការ គិតថាសាក្សីម្នាក់នេះកំពុងធ្វើឱ្យសំណុំរឿងមួយនេះប្រែពណ៌នោះគឺនៅពេលដែលតំណាងអយ្យបង្ហាញរូបស្ត្រីម្នាក់ដែលជាសាក្សីនៃសំណុំរឿងនេះដែរនោះទៅឱ្យបុរសនោះមើល ថានាងជានារីរងគ្រោះមែនទេ? ជាច្រើនដង បែរជាបុរសនោះថា រូបថតនោះជានារីរងគ្រោះពិតប្រាកដ គឺជារូបនារីដែលខ្លួនជួបក្នុងក្លឹប និងជានារីដែលស្លាប់ហើយខ្លួនស្រង់សពនោះហើយ។ ការផ្តល់សក្ខីកម្មក្លែងក្លាយបែបនេះត្រូវបាន លោក ចែ សុង ជាតំណាងអយ្យការបានច្រានចោល និងនៅតែតំកល់ការចោទប្រកាន់លើឈ្មោះ ហុង កាលីឌីន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌទុកជាបានការដដែល។

ក្រៅពីសក្ខីកម្មរបស់សាក្សីឈ្មោះ យូ ម៉ាលីគី ត្រូវបានតំណាងអយ្យការច្រានចោល និងធ្វើឱ្យមហាជនគ្មានជំនឿនោះ នៅមានសក្ខីកម្មរបស់ម្តាយបង្កើតជនជាប់ចោទធ្លាប់បានថ្លែងនៅក្នងអង្គសវនាការថា ខ្លួនមិនបានដឹង និងមិនដែលបានឃើញនារីរងគ្រោះទាក់ទងកូនប្រុសរបស់ខ្លួនទេ ក៏មិនដែលឃើញនារីរងគ្រោះចេញចូលផ្ទះរបស់ខ្លួននោះដែរ ដែលសក្ខីកម្មនេះបានដើរបញ្ច្រាសទិសពីចម្លើយសារភាពរបស់ជនជាប់ចោទដាច់ស្រលះ ដែលកន្លងមកជនជាប់ចោទបានឆ្លើយនៅមុខនគរបាលយុត្តិធម៌ នៅមុខតំណាងអយ្យការ និងនៅក្នុងសវនាការថាខ្លួន និងនារីរងគ្រោះឈ្មោះ សុង ដាវីន បានស្រលាញ់គ្នា រហូតមានស្នេហារោលរាលដល់ថ្នាក់ហ៊ានរួមភេទក្នុងរថយន្ត និងថែមទាំងបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នាថែមទៀតផង។ ជនជាប់ចោទក៏ធ្លាប់បានអះអាងថា រូបគេបានយកនារីរងគ្រោះទៅដេកនៅបន្ទប់ជាន់ឡៅតឿ ក្នុងផ្ទះរបស់ខ្លួនពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅយប់ថ្ងៃទី៥ម៉ោងប្រហែល១០យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ខ្លួនបានយកនារីរងគ្រោះទៅដាក់នៅម្តុំផ្សារផេនសល ក្រោយមកនៅថ្ងៃទី៧ ខែតុលា ក៏ស្រាប់តែឮដំណឹងថា នាងបានស្លាប់បាត់ទៅហើយ។

អ្វីដែលបង្ហាញកាន់តែច្បាស់ថា សំណុំរឿងនេះបានងាកទៅរកភាពប្រែពណ៌នោះគឺនៅក្នុងសវនាការតំណាងសមត្ថកិច្ចបានផ្តល់សក្ខីកម្មមួយចំនួនធំសុទ្ធសឹងតែមិនមានភស្តុតាងណាដែលដាក់បន្ទុកលើជនជាប់ចោទនោះទេ។ សំណាកទឹករំអិលបានបង្ហាញថា មិនមានការរំលោភនារីរងគ្រោះនោះទេ ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងត្រឹមត្រូវដោយមន្ត្រីជំនាញ។ ដោយឡែកខ្សែក្រវ៉ាត់ជនជាប់ចោទក៏នគរបាលយុត្តិធម៌រកមនឃើញថា បានវាយទៅលើនារីរងគ្រោះផងដែរ ពោលបើយោងតាមការអះអាងរបស់មន្ត្រីជំនាញនៅក្នុងសវនាការគឺ ជនជាប់ចោទហាក់ជាមនុស្សស្អាតស្អំបំផុត ហាក់ត្រូវបានគេចាប់ច្រលំទៅវិញ។

បើយោងតាមការសន្និដ្ឋានការពាររបស់លោក ម៉ម កែវសេវិន មេធាវីការពារសិទ្ធិនារីរងគ្រោះបានថ្លែងថា សំណុំរឿងឃាតកម្មលើកូនក្តីលោកវាមិនអាចមានអ្នកប្រព្រឹត្តតែម្នាក់ឯងនោះទេ ប៉ុន្តែអាចមានមនុស្សច្រើនសហការគ្នាសម្លាប់ និងយកសពនាងទៅបោះចោលនៅក្នុងទឹកទន្លេ។ លោកមេធាវីបានអះអាងថា ប្រសិនបើជនជាប់ចោទមិនបានសម្លាប់នារីរងគ្រោះ តើនាងត្រូវបានអ្នកណាសម្លាប់ បើនារីងគ្រោះត្រូវបានជនជាប់ចោទយកទៅអស់ជាច្រើនយប់ និងត្រូវបងស្រីនារីរងគ្រោះអះអាងថា នាងចេញទៅខាងក្រៅជាមួយជនជាប់ចោទ និងជនជាប់ចោទក៏បានសារភាពផងដែរ។ ហើយអ្វីដែលបញ្ជាក់ថា ជនជាប់ចោទមានជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្មនេះ គឺនៅត្រង់ថា នារីរងគ្រោះបានចេញពីផ្ទះដោយទៅជាមួយជនជាប់ចោទរហូតដល់ថ្ងៃដែលនាងត្រូវបានគេប្រទះឃើញសាកសពនៅក្នុងទន្លេ។

គួរកត់សម្គាល់ផងដែរថា នៅគ្រាដែលអនុរក្សពន្ធនាគារបញ្ជូនខ្លួនជនជាប់ចោទឈ្មោះ ហុង កាលីឌីន មកតុលាការនោះ គឺជនជាប់ចោទមិនត្រូវបានគេតម្រូវឱ្យដាក់ខ្នោះដៃនោះទេ។ ជាងនេះទៅទៀតជនជាប់ចោទរូបនេះត្រូវបានគេអនុញ្ញាតឱ្យទៅក្នុងបន្ទប់មួយដាច់ដោយឡែកពីជនជាប់ចោទដទៃ ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងហូបចំណីអាហារដោយសេរី ដែលសកម្មភាពបែបនេះហាក់មានភាពខុសពីសព្វមួយដង និងខុសពីទម្លាប់ដែលមន្ត្រីអនុរក្សពន្ធនាគារបានអនុវត្តទៅកាន់ជនជាប់ចោទដទៃៗទៀត។

តើសំណុំរឿងនេះអាចនឹងប្រែពណ៌ទៅជាយ៉ាណានាពេលខាងមុខនោះ? មហាជននឹងរងចាំមើល ខណៈដែលលោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅជំនុំជម្រះមិនទាន់បានកំណត់ពេលប្រកាសសាលក្រមនៃសំណុំរឿងនេះឱ្យជាក់លាក់នៅឡើយ ដោយលោកអះអាងថា ព្រោះតែរឿងនេះមានភាពស្មុគស្មាញតម្រូវឱ្យចៅក្រមមានការពិភាក្សាគ្នាយូរបន្តិច៕

មតិយោបល់