ព័ត៌មានជាតិ

ព្រលឹងចុងសក់ រថយន្តទួរីសដឹកអ្នកជំងឺ១៣នាក់ ពីមន្ទីរពេទ្យខេត្តសុរិនប្រទេសថៃ ត្រូវរថយន្តសណ្តោងរ៉ឺម៉ក បើកបុកធ្លាក់ប្រឡាយ

ភ្នំពេញៈ ចាត់ទុកថាជាសំណាងមួយ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ខណៈដែលរថយន្តសណ្ដោងរ៉ឺម៉ក១គ្រឿង បានបើកយ៉ាងលឿន ប្រជែងនឹងរថយន្តដឹកអេតចាយ១គ្រឿង ក៏បានជ្រុលទៅកៀររថយន្តទួរីស១គ្រឿងទៀត ដឹកប្រជាពលរដ្ឋក្មេងចាស់ ត្រឡប់មកពីពិនិត្យជំងឺនៅមន្ទីរពេទ្យខេត្តសុរិន្ទប្រទេសថៃ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាឲ្យក្រទ្បាប់ធ្លាក់ផ្លូវតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0319 ដោយអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែករថយន្តរងគ្រោះ ម៉ាកទួរីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-2974 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ រួមដំណើរជាមួយអ្នកទៅពិនិត្យជំងឺចំនួន១៣នាក់។

នៅមុនពេលកើតហេតុរថយន្តនីស្សាន់ សណ្ដោយកន្ទុយរ៉ឺម៉ក បានបើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានជែ្រងរថយន្តដឹកអេតចាយ១គ្រឿង នៅខាងមុខ រួចក៏ជ្រុលទៅបុករថយន្តទួរីសដឹកអ្នកជំងឺខាងលើ បណ្ដាលឲ្យធ្លាក់ផ្លូវតែម្ដង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យក្រឡាប់ឡើយ ទើបគ្មានអ្នកស្លាប់ ដោយគ្រាន់តែរងរបួសស្រាលទាំងអស់គ្នាប៉ុណ្ណោះ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ហើយនគរបាលចរាចរណ៍ខណ្ឌដង្កោ និងប៉ុស្ដិ៍ជើងឯក បានចុះទៅកាន់ទីនោះ បាននាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាល ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់