ព័ត៌មានជាតិ

កំពុងអង្គុយសុខៗ ត្រូវក្មេងស្ទាវមួយក្រុម ជិះម៉ូតូយកដុំឥដ្ឋគប់ តែមិនចំ បែរទៅត្រូ​វកុងទ័រម៉ូតូបែកខ្ទេច

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួនបានបន្ទាប់ពីរូបគេ ជិះម៉ូតូ១គ្រឿង ជាមួយនិងយុវជនម្នាក់ទៀត កាន់ដុំឥដ្ឋទៅគប់លើយុវជនម្នាក់ទៀត ដែលកំពុងអង្គុយលេងមិនដឹងខ្លួន ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសទ្បើយ ដោយខូចខាតតែម៉ូតូរបស់បុរសខាងលើប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចជិតរោងចក្រកាត់ដេរ សាន់ស្កាយ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោះ សម្បត្តិ បូរី អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម សៀកលីន អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិចាក់ជូក សង្កាត់សំរោងក្រោម។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនជាជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BI-2046 រួមដំណើរដោយយុវជនម្នាក់ទៀតជាអ្នកឌុប បានជិះទៅក្រឡឹងជនរងគ្រោះ កំពុងតែអង្គុយលេងមួយជុំ រួចហើយឈប់ម៉ូតូគ៏ទាញដុំឥដ្ឋគប់សំដៅទៅលើជនរងគ្រោះ ប៉ុន្តែមិនត្រូវ ក៏បានផ្លាតទៅត្រូវម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកកុងទ័ររងការខូចខាតតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះធ្វើការចាប់ខ្លួនយុវជ​នជំទង់ខាងលើ នាំទៅសាកសួរ ហើយរូបគេបាននិយាយថា ដោយសារតែខឹងជនរងគ្រោះ ដឹកស្រីម្នាក់យកទៅវាយរូបគេ កាលពីពេលកន្លងមក ទើបធ្វើការសងសឹកទៅលើជនរងគ្រោះវិញ ប៉ុន្តែពាក់ព័ន្ធចម្លើយជនសង្ស័យ ត្រូវបានបុរសរងគ្រោះ ធ្វើការបដិសេធន៍ផងដែរ ដោយលើកទ្បើងថា ខ្លួនមិនដែលស្គាល់ជនបង្កនោះទេ ហើយក៏មិនដែលមានរឿងទំនាស់នឹងគ្នាម្ដងណាទ្បើយ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់