ក្រុមហ៊ុនជប៉ុន Arakawa គ្រោងនឹងបើកការដ្ឋានសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ២០០០បន្ទប់ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នំា ២០១៧ខាងមុខនេះ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាននៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងនៅព្រឹកនេះ។
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋាន នាពេលខាងមុខនេះ ដែលគម្រោងនេះ អភិវឌ្ឍលើផ្ទៃដី ១៣៦៨០ម៉ែត្រក្រឡា ស្ថិតនៅ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
គម្រោងទាំងមូល គ្រោងនឹងចំណាយប្រមាណ ៧០លានដុល្លារអាមេរិក សាងសង់ជា ២ដំណាក់កាល ដោយដំណាក់កាលដំបូង មានអគារស្នាក់នៅរួម ១០អគារ ចែកជា ៥ប្លុក ដោយក្នុង ១ប្លុក មាន ២អគារ និងមានកម្ពស់ចាប់ពី ១៩ជាន់ ដល់ ២៣ជាន់។
គួររម្លឹកថា ក្រុមហ៊ុនArakawa ទើបនឹងបញ្ចប់ការចរចារទិញ និងរំលំ អគារ ប៊ូឌីញ ស ហើយសហការជាមួយ ក្រសួងចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់,កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនArakawa៕
មតិយោបល់