ព័ត៌មានជាតិ

ស្គាល់សាច់ញាតិគាត់ទេ? ស្រ្តីម្នាក់ខ្យល់គ ខណៈដែលកំពុងជិះម៉ូតូទៅផ្សារ រកសាច់ញាតិមិនទាន់ឃើញ

​ភ្នំពេញ: ស្រី្តចំណាស់ម្នាក់ ខណ:ដែលកំពុងជិះម៉ូតូម្នាក់ឯងទៅផ្សា ស្រាប់តែកើតមានអាការ:ងងឹតមុខខ្យល់គ ដួលម្នាក់ឯង របួសធ្ងន់សន្លប់ស្តូកស្តឹង ផ្អើលប្រជាពលរដ្ឋ ជួយហៅរថយន្តសង្រ្គោះ ឲ្យជួយសង្រ្គោះអាយុជីវិត កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលជាជនរងគ្រោះខាងលើគឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់សន្លប់ឈឹង ហើយរកសាច់ញាតិមិនទាន់ឃើញ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1C-4515 ជាមធ្យោបាយ។

តាមប្រភពនៅកន្លែង ពលរដ្ឋខ្លះបានឲ្យដឹងដា ជនរងគ្រោះធ្លាប់ឃើញមុខ នៅម្តុំភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ តែទោះជាយ៉ាងណាក្តី នៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ មានអាយុប្រហែលជាង៤០ឆ្នាំ។

តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា មុនកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ក្នុងគោលបំណង់ឆ្ពោះទៅផ្សារបុរីសន្តិភាព២ ស្រាប់តែដល់ចំណុចកើតហេតុ ជនរងគ្រោះងងឹតវិលមុខដួលម្នាក់ឯងបោកនឹងផ្លូវបេតុង បណ្តាលឲ្យរងរបួសធ្ងន់ ដេកសន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្បែនោះជួយហៅរករថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម:ភ្លាមៗផងដែរ៕

មតិយោបល់