គ្រូបង្វឹកក្រុមបីសាចក្រហម Manchester United លោក Jose Mourinho បានសម្រេចចិត្តយល់ព្រមបើកផ្លូវឲ្យកីឡាករ Luke Shaw ចាកចេញពីក្រុមបីសាចក្រហម ហើយនៅខែមករាខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Jose Mourinho នឹងមិនបន្តរារាំង Luke Shaw ឲ្យទំនេរនៅ Man Utd ឡើយ ដោយយល់ព្រមដោះលែងកីឡាកររូបនេះហើយ។ Luke Shaw ក្រោមការដឹកនាំរបស់លោក Jose Mourinho កីឡាកររូបនេះ មិនសូវបានបង្ហាញខ្លួនឡើយ សឹងតែអង្គុយមើលគ្រប់ការប្រកួតទាំងអស់តែម្តង។ មូលហេតុនេះ កើតឡើងដោយសារតែទំនាក់ទំនងរបស់ Shaw និងលោក Mourinho ហាក់មិនចុះសម្រុងនឹងគ្នា តាំងពីដើមរដូវកាលមុនម្លេះ ខណៈលោក Mourinho ធ្លាប់បានរិះគន់ពីសមត្ថភាពលេងរបស់កីឡាកររូបនេះផងដែរ។
យ៉ាងណាវិញ Daily Mail បានឲ្យដឹងបន្ថែមទៀតថា ការយល់ព្រមដោះលែង Luke Shaw នេះដែរ ធ្វើឡើងបន្ទាប់ពីទំនាកទំនងរវាង Shaw និងលោក Mourinho បានគ្រាន់បើជាងមុន តែលោក Mourinho នៅតែមិនព្រមប្រើប្រាស់ Shaw ដដែល ដោយយល់ព្រមឲ្យ កីឡាកររូបនេះចាកចេញ នៅខែមករាខាងមុខនេះ។ Shaw ទំនងជាត្រឡប់ទៅកាន់ Southampton វិញហើយ ព្រោះថា ក្រុមអង់គ្លេសមួយនេះ ក៍ចាប់អារម្មណ៍ក្នុងការនាំយក Luke Shaw ត្រឡប់ទៅវិញផងដែរ។
ដូច្នេះហើយ នៅខែមករាខាងមុខនេះ Luke Shaw នឹងមានសេរីភាពវិញហើយ ក្នុងការទៅរកទ្រនុំថ្មី ដែលផ្តល់លក្ខខ័ណ្ឌប្រសើរជាងនៅក្រុម បីសាចក្រហម Manchester United ។




មតិយោបល់