ព្រះសីហនុៈ លោកមេប៉ុស្តិ៍សង្កាត់លេខ១បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយមានការផ្ទុះធុងសាំង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខ្ទេចជើងទាំងសងខាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ការផ្ទុះធុងសាំងនេះ គឺបណ្តាលមកពីជនរងគ្រោះជាមេជាង ឈ្មោះ អុឹម រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានប្រេីកូនជាង ឲ្យផ្សារកាត់ធុងសាំង យកមកប្រើប្រាស់បាំងផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះ សុខ ប៊ុនណាត ប៉ុន្តែដោយសារតែធ្វេសប្រហែលខុសលក្ខណៈបច្ចេកទេសក៏បណ្តាលឲ្យមានការផ្ទុះធុងសាំងខ្ទាតចំជើងមេជាង ខ្ទេចទាំងសងខាងបែបនេះតែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់