ជនជាតិចិនចាត់ទុកពិធីចូលឆ្នាំថ្មីតាមចន្ទគតិជាពិធីបុណ្យប្រពៃណីប្រចាំឆ្នាំធំជាងគេបង្អស់របស់ប្រទេសនេះ ហើយនៅក្នុងពិធីនេះ ជនជាតចិនតែងមានទំនៀមទម្លាប់ពិសេសៗដើម្បីទទួលអំណរឆ្នាំថ្មី។ ប្រជាជនចិននៅពាសពេញពិភពលោក ត្រលប់មកផ្ទះ ឬស្រុកកំណើត ជួបជុំគ្រួសារ ដើម្បីទទួលឆ្នាំថ្មី និងសែនដូនតា។
រៀងរាល់ឆ្នាំ ជនជាតិចិនមានទំនៀមទម្លាប់រៀបចំផ្ទះសម្បែងយ៉ាងស្អាតបាតដើម្បីទទួលឆ្នាំថ្មី។ របស់របរចាស់ៗដែលលែងប្រើប្រាស់និងសំរាម ធូលីក្នុង និងជុំវិញផ្ទះ ត្រូវបានគេយកទៅបោះចោល ក្នុងបំណងបណ្ដេញភាពឧបទ្រពចង្រៃឱ្យចេញពីឆ្ងាយ និងទទួលយកប្រការល្អៗចូលមកវិញ។
តុបតែងផ្ទះដោយកំណាព្យដែលសរសេរ ឬបោះពុម្ភលើក្រដាសពណ៌ក្រហម
មុនថ្ងៃចូលឆ្នាំ គ្រួសារចិនស្ទើរតែទាំងអស់នៅប្រទេសចិន សុទ្ធតែបិទភ្ជាប់ក្រដាស់ពណ៌ក្រហមដែលមានសរសេរកំណាព្យ នៅមាត់ទ្វារ។ ទម្លាប់នេះបានចាប់ផ្ដើមតាំងពីមុនសម័យរាជវង្សសុង (Song dynasty, 960-1279)។
ទន្ទឹមនឹងនេះ ជនជាតិចិនក៏មានទម្លាប់ព្យួរគោមក្រហម និងបិទក្រដាសក្រហមដើម្បីទទួលអំណរឆ្នាំថ្មីប្រកបដោយភាពកក់ក្ដៅ និងសុខសប្បាយ។
មុខម្ហូប «ត្រីចំហុយ» សម្រាប់ថ្ងៃដំបូងនៃឆ្នាំថ្មី
គ្រួសារមួយចំនួននឹងត្រៀមមុខម្ហូបជាច្រើនមុខ ក្នុងនោះក៏មានត្រីចំហុយផងដែរសម្រប់ទទួលទានក្នុងថ្ងៃចូលឆ្នាំថ្មី។ ក្នុងភាសាចិន ពាក្យថា «ត្រី» គឺមានសំនៀងស្រដៀងនឹងពាក្យថា «សល់ ឬថែម»។ ដូច្នេះ នាំឱ្យមានជំនឿថា ការទទួលទានសាច់ត្រីនឹងជួយឱ្យឆ្នាំថ្មីបានសម្បូរសប្បាយ សល់ប្រាក់កាសហូរហៀរ។
ទទួលទានគាវចំហុយ
ទំនៀមទម្លាប់ទទួលទានម្ហូបគាវចំហុយក្នុងថ្ងៃដើមឆ្នាំថ្មី គឺចង់បង្ហាញថា ពួកគេលាឆ្នាំចាស់ដែលកន្លងផុតទៅ និងទទួលយកឆ្នាំថ្មីដែលបានមកដល់។ ស្នូលរបស់មុខម្ហូបនេះ ធ្វើអំពីសាច់ជ្រូក និងបន្លែចិញ្ច្រាំ ដែលត្រូវបានខ្ចប់នៅក្នុងសម្បកនំដែលធ្វើអំពីម្សៅមី។ ជួនកាល មានគ្រួសារខ្លះដាក់ប្រាក់កាក់ទៅក្នុងស្នូលនំ ដោយជឿថា អ្នកណាយកបានវា អ្នកនោះនឹងមានលាភ មានជ័យច្រើនជាងគេនៅក្នុងឆ្នាំថ្មី។
ជូនពរដល់ញាតិមិត្ត
ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ជនជាតិចិនមានទម្លាប់ទៅលេងផ្ទះញាតិ និងមិត្តភក្ដិ ហើយជួនកាលក៏នៅទទួលទានអាហារជាមួយគ្នា។ ពួកគេក៏ជូនពរគ្នាឱ្យរកស៊ីមានបាន ហេងៗ សុភមង្គល រួមនឹងប្រការល្អៗផ្សេងទៀត។ សម្រាប់ក្មេងៗ គេជូនពរឱ្យឆ្លាតវៃ សប្បាយរីករាយ។ល។ ចំណែកសម្រាប់ចាស់វិញ គេជូនពរសុខភាពល្អ អាយុយឺនយូរ។ល។
ជូនប្រាក់នាំសំណាង (អាំងប៉ាវ)
សម្រាប់ជនជាតិចិន ពណ៌ក្រហមត្រូវបានចាត់ទុកជាពណ៌ដែលនាំមកនូវសំណាងល្អ ដូច្នេះ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ចាស់ៗ ឬមនុស្សធំ តែងតែជូន ឬឱ្យប្រាក់នាំសំណាងដែលដាក់ក្នុងសំបុត្រពណ៌ក្រហម ដែលហៅថា អាំងប៉ាវ ដល់ក្មេងៗ ឬមនុស្សដែលមានអាយុតិចជាង។ អត្ថន័យនៃទំនៀមទម្លាប់នេះគឺមានបំណងឱ្យអ្នកទទួល ជួបតែសុភមង្គល សំណាងល្អ និងសុខភាពល្អនៅក្នុងឆ្នាំថ្មី។ សព្វថ្ងៃ កូនចៅក៏ជូនប្រាក់នាំសំណាងនេះដល់ចាស់ទំក្នុងគ្រួសារ ឬញាតិមិត្តទន្ទឹមនឹងពាក្យជូនពរសុខភាពល្អ អាយុយឺនយូរផងដែរ៕



មតិយោបល់