ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកព្រុស ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ជិះក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានចាប់ហ្វ្រាំងមិនទាន់ក៏បណ្តាលឲ្យបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវព្រះអង្គអេង សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌សបិទតែមឆ្នូតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0615 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-9294 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យពន្លឺ ដឹកយកទៅសង្គ្រោះ។ ចំណែករថយន្តខូចខាតផ្នែកខាងស្តាំខាងមុខនៃរថយន្តយ៉ាងដំណំ។ រីឯម៉ូតូវិញរងការខូចខាតផ្នែកខាងមុខនៃម៉ូតូស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកម្ចាស់រថយន្តទៅប៉ុស្តិ៏នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីរង់ចាំជំនាញចរាចរណ៏ផ្លូវគោកក្រុងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនិតិវិធីនៃច្បាប់បន្តទៀត៕
មតិយោបល់