រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានឯកភាពផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែងក្នុងខេត្តក្រចេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយជំរុញផ្នែកសេដ្ឋកិច្ចទៀតផង ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែល តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់ការសិក្សាហើយ ដោយត្រូវរង់ចាំការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះកិច្ចព្រមព្រៀងសាងសង់ស្ពាននាពេលខាងមុខ ។ ឯកឧត្តមបញ្ជាក់ថា គម្រោង នេះគឺទទួលបានកម្ចីពីប្រទេសចិន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឆ្លងកាត់ទន្លេមេគង្គ ខណៈបច្ចុប្បន្នពួកគាត់ឆ្លងកាត់ទន្លេដោយសាឡាងឬទូក ដ។
« យើងខ្ញុំត្រៀមទទួលចម្លើយពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីត្រៀមចុះកិច្ចព្រមព្រៀងសាងសង់ស្ពាននៅខេត្តក្រចេះរបស់យើង ដែលមិត្តចិនរបស់យើងបានឯកភាពហើយ នឹងផ្ដល់ថវិកាកម្ចីមកសាងសង់ស្ពាននៅក្រចេះ ម៉្យាងវិញទៀត ផ្លូវពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង ក្រសួងបាននិងកំពុងកែលម្អ និងលើកកម្ពស់គុណភាពផ្លូវបានប្រវែង៩៣គីឡូម៉ែត្រហើយ ដែលជាជំនួយឥតសំណងរបស់មិត្តចិន ឥឡូវនេះមិត្តចិន កំពុងពិចារណាដើម្បីសាងសង់បន្ដទៀត រហូតដល់ព្រំដែនកម្ពុជា-ឡាវ »។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងស្ពាន ជាច្រើនទៅដល់តំបន់ដាច់ស្រយាល ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយបានទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍ នៅកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្ពានមួយខ្សែនេះ មានប្រវែង ១,៧៦១ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ៣ឆ្នាំ ក្នុងការសាងសង់ ៕
មតិយោបល់