ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយមានសន្ទុះ ពន្លកថ្មី កញ្ញា រ៉ាឌី ចង់ជ្រកម្លប់ផលិតកម្ម!

ប្រមាណជា២ឆ្នាំមកហើយ ដែលតារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី ត្រូវបានគេកត់សម្គាល់ថាកាន់តែមានទីផ្សារ និងការចាប់អារម្មណ៍នៅក្នុងពិភពសិល្បៈ ដោយសារតែនាងកាន់តែមានស្នាដៃទាំងផ្នែកចម្រៀង និងសម្ដែង។ ជាពិសេសតាំងពីបានCover បទ«ស្អប់អតីត»ហើយទទួលបានការគាំទ្រ ក៏បានប្រកាសថានឹងសុខចិត្តចូលជ្រកនៅក្នុងផលិតកម្មចម្រៀងណាមួយ ប្រសិនបើផលិតកម្មដែលចង់បាននោះមានលក្ខខណ្ឌមិនស្មុគស្មាញ និងមិនធ្វើឲ្យនាងមានសម្ពាធ។

តារាចម្រៀង និងជាសម្តែង កញ្ញា រ៉ាឌី បានប្រាប់ឲ្យដឹងថា រយៈពេល២ឆ្នាំហើយ ដែលនាងប្រឡូកក្នុងវិថីសិល្បៈ ហើយទទួលការងារព្រមគ្នាក្នុងអាជីព ជាតារាសម្តែង និងជាតារាចម្រៀង។ នាងជាតួអង្គក្នុងរឿង «ស្រទន់មន្តស្នេហ៍» ដែលទស្សនិកជនបានស្គាល់នាងច្រើនក្រោយពីរឿងមួយនេះបានដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងតាមរយៈភាពយន្តមួយចំនួនបន្ថែមពីលើបទចម្រៀង Original song និងបទ Cover ដែលនាងបានបង្អួតមហាជន។

នាងជាម្ចាស់បទ«២នាក់រហូត» , បទ «ទ្រនំស្នេហ៍កម្ម» និងបទមួយទៀតជាបទ Cover ដែលមានចំណងជើងថា«ស្អប់អតីត» ហើយទទួលបានការគាំទ្រខ្លាំង។ កញ្ញានិយាយថាការសម្ដែងនៅតែជាចំណូលចិត្តដែលនាងចង់បាន ប៉ុន្តែបណ្ដាលមកពីនាងចង់ពង្រឹងអាជីពចម្រៀងឲ្យរឹងមាំជាង ទើបនាងសម្រេចចិត្តរយាលចោលពីការងារសម្ដែងរឿង ហើយស៊ប់នឹងការផលិតចម្រៀងជារបស់ផ្ទាល់ខ្លួនឲ្យបានច្រើនជំនួស។ យ៉ាងណាមិញ កញ្ញាបន្តថាខ្លួនចង់មានទ្រំនំមួយច្បាស់លាស់ដោយមិនចង់បន្តផលិតបទចម្រៀងហើយស្ថិតនៅក្នុងនាមជាតារាចម្រៀងដែលគ្មានទ្រនំនោះទេ ទើបនាងប្រកាសទទួលពិចារណាសម្រាប់ការកុងត្រាដើម្បីក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មណាមួយ។

ស្របគ្នាដែលមានផលិតកម្មមួយចំនួនបានទាក់ទង និងផ្ដល់ឱកាសឲ្យនាងនោះផងនោះ ទើបកាន់តែធ្វើឲ្យនាងមានជំហរពិចារណាដើម្បីក្លាយខ្លួនជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មណាមួយ ដោយនាងប្រកាសថាបើទោះជាមានឱកាសបានចូលជ្រកនៅក្នុងផលិតកម្មណាដែលនាងពេញចិត្ត ក៏នាងនឹងពង្រឹងបទនិពន្ធថ្មីរបស់ខ្លួនដើម្បីធ្វើការប្រកួតប្រជែង។ នាងថាបើផលិតបទថ្មីដោយគ្មានផលិតកម្ម និងមានផលិតកម្ម គឺមានក្រេឌីតខុសគ្នា ទើបនាងយល់ថាវាល្មមគ្រប់គ្រាន់ហើយដែលនាងត្រូវតែប្ដូរជំហរដើម្បីពិចារណាហក់ចូលនៅក្នុងផលិតកម្មណាមួយ។

យ៉ាងណាមិញ នាងថាមិនទាន់សម្រេចចិត្តទទួលយកផលិតកម្មដែលបានទាក់ទងដើម្បីចូលច្រៀងនោះទេ ដោយនាងបន្តរង់ចាំមើលការទំនាក់ទំនងមកពីផលិតកម្មផ្សេងទៀត និងចង់ឲ្យការទំនាក់ទំនងរបស់ផលិតកម្មដែលមានស្រាប់មានភាពច្បាស់លាស់សិន ទើបនឹងសម្រេចចិត្តកុងត្រា។

នាងថាក្រោយពេលមានឈ្មោះបោះសំឡេងនាងមានតម្រុយចូលច្រៀងប្រចាំផលិតកម្មហើយ ដោយសារតែមានផលិតកម្មច្រើនឡើងបានចាប់អារម្មណ៍ចង់ឲ្យនាងចូលច្រៀង ក្នុងពេលដែលនាងក៏ចាប់ផ្ដើមមើលឃើញពីតម្លៃកុងត្រា ប៉ុន្តែនៅចាំអ៊ុតមើលផលិតកម្មដែលអាចឲ្យនាងទទួលទំនុកចិត្តសិន៕

https://youtu.be/MayJ2YsysXw

មតិយោបល់