ព្រៃវែងៈ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅពន្ធនាគារខេត្តព្រៃវែង លោក កែវ សេន អភិបាលរងខេត្តព្រៃវែង បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ ជុសជុលម៉ូតូ កាត់ដេរ និងព្យាបាល ក្រោមគម្រោង កម្មវិធីអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៦។ ចូលរួមពេលនោះមាន លោក ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង លោក ណុប វៃ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក ម៉ឹង វណ្ណា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោក ហៀក សុភក្រ័ នាយករងមជ្ឈមណ្ឌល។
លោក ម៉ឹង វណ្ណា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បានជម្រាបជូនគណៈអធិបតី និងអង្គពិធី ពីគោលបំណងនៃវគ្គ មានរយៈពេល៤ខែដល់ទណ្ឌិតជាសិក្ខាកាម។
លោក ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង បានមានមតិចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដែលជាទណ្ឌិតក្នុងពន្ធនាគារឲ្យពួកគេមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរ ជួយបង្កើនចំណូលដល់គ្រួសារពេលចេញពីពន្ធនាគារនោះ។
លោក កែវ សេន អភិបាលរងខេត្តព្រៃវែង បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាទណ្ឌិត ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង បើមានចម្ងល់ ឬមិនយល់ត្រង់កន្លែងណានោះ ត្រូវលើកជាសំណួរ ដើម្បីផ្តល់លទ្ធភាពដល់គ្រូបានបកស្រាយរាល់បញ្ហាទាំងនោះ។
លោក កែវ សេន បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ដល់សិក្ខាកាម ព្រោះថា ពេលបញ្ចប់វគ្គសិក្ខាកាមនឹងទទួល បាន ជំនាញមួយច្បាស់លាស់ អាចប្រកបមុខរបរចិញ្ចឹមជីវិត។ ប្រាសចាកនឹងអំពើអបាយមុខ ដែលនាំឲ្យសង្គមស្អប់ខ្ពើម។ ដូច្នេះផ្តើមចេញពីចំណុចនេះ ត្រូវសាងអំពើល្អ ជៀសវាងគ្រឿងញៀន និងល្បែងស៊ីសង ត្រូវលុតដំចិត្តគំនិត ព្រោះសង្គមមិនបោះបង់អ្នកទាំងនោះទេ ជាក់ស្តែងថ្ងៃនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈមន្ទីរមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បានអនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៦ ដល់ទណ្ឌិតនៅពន្ធនាគារ៕
https://youtu.be/Bkb3RLz1Gic
មតិយោបល់