ភ្នំពេញៈ ក្រុមអ្នកលេងល្បែងតុងទីនដែលជាកូនតុងទីនក្លាយជាជនរងគ្រោះបន្ទាប់ពីមេវេចលុយជាង២០ម៉ឺនដុល្លារគេចខ្លួនបាត់ ហើយនៅព្រឹកថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៦ កូនតុងទីន ជាង៣០នាក់តំណាងឲ្យ១៣៥នាក់បាននាំគ្នាមកសុំការអន្តរាគមន៍ពីចៅសង្កាត់ចោមចៅ។
អ្នកស្រី មាស ស៊ុនលី អាយុ៣៤ឆ្នាំអាជីវករលក់ដូរនៅផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅមានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ បានឲ្យដឹងថា ពួកគាត់លេងតុងទីនជាមួយស្រ្តីម្នាក់ឈ្មោះ ទឹម ស្រីនាង អាយុ៤៣ឆ្នាំជាអាជីវករលក់ដូរក្នុងផ្សារឯករាជ្យ២ជាមួយគ្នា ដែលមានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សរុបគ្នាលេងចំនួន១៣៥នាក់មានក្បាល ១ម៉ឺនរៀល រហូតដល់២០០ដុល្លារមានដេញប្រចាំថ្ងៃ និងដេញ១ខែម្តងអស់ជាច្រើនខែ។
គាត់និយាយថា លុះរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ មេតុងទីន វេចលុយសរុបជាង២០ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ទុកឲ្យកូនៗរងគ្រោះរត់ទៅប្តឹងអាជ្ញាធរ២ដង រួចមកហើយ ។ រហូតមកដល់ពេលនេះ ពុំមានដំដោះស្រាយទើបនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះកូនតុងទីនជាង៣០នាក់ជាតំណាងលើកគ្នា មកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ។
អ្នកស្រី អៀង នី អាយុ៥៤ឆ្នាំអាជីវករលក់ដូររស់នៅភូមិព្រៃព្រីងជើងសង្កាត់ចោមចៅបានឲ្យដឹងថា គាត់ជាជនរងគ្រោះដោយសារមេតុងទីនស្រី នាង វេចលុយរត់ទៅបាត់គាត់ខាតបង់សរុបជាទឹកប្រាក់ សម្រាប់ផ្ទាល់ខ្លួនអស់ជាង៤០០០ដុល្លារ ។
លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅបានឲ្យដឹងថា រឿងរ៉ាវខាងលើបន្ទាប់ពី ទទួលបណ្តឹងពីជនរងគ្រោះ ហើយពុំមានដំណោះស្រាយ ខណៈមេតុងទីឈ្មោះ ទឹម ស្រីនាង បានរត់គេចទៅបាត់ សំណុំរឿងអាជ្ញាធរ បានត្រឹមរាយការនិងបញ្ជូនបន្តទៅថ្នាក់ខណ្ឌទៅតាមលំដាប់លំដោយតាមនីតិវិធី៕
មតិយោបល់