ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បើកដោយជនជាតិកូរ៉េ បុកម៉ូតូនារី២នាក់រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ ជាជនជាតិកូរ៉េ រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀត បើករថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងបញ្ច្រាស់ទិសដៅចរាចរណ៍ បានបុកនារី៣នាក់ជិះម៉ូតូវីវ៉ាទើបនឹងចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1V-2027 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7041 បើកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ បញ្ច្រាសទិសដៅចរាចរណ៍ បានមកបុកនារី២នាក់ចំជើងខាងឆ្វេង បណ្តាលឲ្យនារី២នាក់នោះ របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្តបាក់កញ្ចក់មើលក្រោយ និងឆ្កូត រីឯម៉ូតូវិញរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែងនិងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីនៃច្បាប់ ៕

//youtu.be/XDQhB4UE0mo

មតិយោបល់