ភ្នំពេញៈ អ្នកនាំពាក្សស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman បានលើកឡើងថា ទោះជាបេក្ខភាពលោក ដូណាល់ ត្រាំ ឬ ក៏អ្នកស្រី ហ៊ីឡារីស គ្លីនតុន ជាប់ឆ្នោតក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនៅតែត្រូវបានបន្តយ៉ាងស្អិតរមួតនិងពង្រីកកាន់តែរឹងមាំថែមទៀត។
លោកលើកឡើងយ៉ាងដូច្នេះ ខណៈពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី អាណត្តិទី៤៥ នៅសហរដ្ឋអាមេរិកកំពុងដំណើរ ហើយសម្លេងគាំទ្រលោក ដូណាល់ ត្រាំ ក៏កំពុងតែនាំមុខអ្នកលោកស្រី ហ៊ីឡារីស គ្លីនតុន នៅពេលមណ្ឌលបោះឆ្នោតជាច្រើនត្រូវបានប្រកាសលទ្ធផលជាបណ្តើរៗកាលពីវេលាម៉ោង១២ថ្ងៃទី៩វិច្ឆិកានេះ។
លោក Jay Raman បន្តថា “ចំណុចសំខាន់របស់យើងនៅពេលនេះ គឺធ្វើយ៉ាងណាឱ្យការងារនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាប្រព្រឹត្តិទៅបានល្អរហូតដល់ចប់អាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា គឺថ្ងៃទី២០ខែមករា ឆ្នាំ២០១៧ខាងមុខនេះ”។
អ្នកនាំពាក្ររូបនេះបញ្ជាក់ថា បន្ទាប់ពីអាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចប់ ប្រធានាធិបតីថ្មី នឹងកំណត់នូវទិសដៅក្នុងការដឹកនាំ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា អាមេរិកបែបណានោះ។ ប៉ុន្តែយ៉ាងណាទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសទាំង២ នៅតែបន្តទៅមុខឥតឈប់ឈរ ហើយរឹងមាំខ្លាំងឡើងថែមទៀតផង៕
មតិយោបល់