កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកកង់ពីក្រោយ បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងនៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែ្រតលេខ៧៧ និង៧៨ ស្ថិតនៅភូមិស្រម៉រ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
រថយន្តបង្កម៉ាក ស៊ីណា (SIENNA) ពាក់ស្លាកលេខ ភ្នំពេញ 2AJ.18 57 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកកង់ជនរងគ្រោះ ឈ្មោះសឹង សុខលាព ភេទប្រុស អាយុ ៩ ឆ្នាំ មានលំនៅភូមិ ឃុំកើតហេតុ ពីក្រោយបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក ខណៈអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីរថយន្ត បើកបរក្នុងល្បឿនលឿន ដោយក្រោយពេលកើតហេតុ វត្ថុតាងរថយន្ត និងកង់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ៕
មតិយោបល់