កំពង់ឆ្នាំងៈ លំនៅឋានមួយខ្នងធ្វើអំពីឈើ ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងភូមិគ្រាំងលាវ ឃុំគ្រាំងលាវ ស្រុករលាប្អៀរ។
សមត្ថកិច្ចស្រុករលាប្អៀរបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខ្ទេចទាំងស្រុកនេះមានទំហំ១២ម៉ែត្រ គុណនិង៩ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ៣៧ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ ឈឹម គន្ធា អាយុ៣៨ឆ្នាំ មានកូន២នាក់ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិគ្រាំងលាវ ឃុំគ្រាំងលាវ ស្រុករលាប្អៀរ។
សមត្ថកិច្ចបានបន្ដថា ក្នុងពេលកើតហេតុម្ចាស់ផ្ទះប្តី និងប្រពន្ធមិននៅក្នុងផ្ទះទេគឺបានយកកូនទៅព្យាបាលជំងឺនៅពេទ្យខេត្តកំពង់ឆ្នាំង ដោយទុកឲ្យម្តាយចាស់ឈ្មោះ ប៉ុល លីន អាយុ៨២ឆ្នាំ នៅចាំផ្ទះ។ នៅពេលវេលាម៉ោង១១ និង៣០នាទីយប់ ផ្ទះជនរងគ្រោះបានឆេះសន្ធោសន្ធៅតែម្តង ទើបលោកយាយនៅចាំផ្ទះ និងប្រជាពលរដ្ឋក្នុងភូមិដឹងនិងមានការភ្ញាក់ផ្អើល តែគ្មានអ្នកណាអាចចូលពន្លត់បានឡើយ គឺផ្ទះនោះបានឆេះខ្ទេចទាំងស្រុងតែម្តង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងអស់។
មូលហេតុនៃការឆេះផ្ទះខាងលើនេះ ជំហានដំបូងសមត្ថកិច្ច បានសង្ស័យថា បណ្តាលមកពីភ្លើងធូបដុតនៅក្នុងផ្ទះ ប៉ុន្តែការពិតយ៉ាងណានោះមិនទាន់ស្រាវជ្រាវដឹងច្បាស់លាស់នោះទេ៕
មតិយោបល់