ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៥៥នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តធំ១គ្រឿង ពាក់ស្លាកលេខ ក១៩១៦ ភព៣ ទិសដៅពីព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ឃុត សុខា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅភូមិសំរឹទ្ធ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបររថយន្តបានរត់គេចខ្លួន តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ដេញចាប់និងឃាត់ខ្លួនបានភ្លាមៗក្នុងចម្ងាយប្រមាណជាង៥០០ម៉ែត្រពីកន្លែងកើតហេតុ។
បច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ឃាត់ខ្លួន ដើម្បីសាកសួរ កសាងសំរឿងចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់