ព័ត៌មានជាតិ

តុលាការដោះលែងប្រធានក្រុមហ៊ុនជាជនជាតិចិនម្នាក់ រឿងចេញសែកស្អុយ ដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ភ្នំពេញៈ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បានដោះលែងជនជាតិចិនម្នាក់ដែលរងការចោទពីតំណាងអយ្យការថា បានចេញសែកគ្មានសាច់ប្រាក់ ឱ្យមានសេរីភាពវិញ ក្រោមហេតុផលថា ដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ជនត្រូវចោទមានឈ្មោះ Waing Jian ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នាយកក្រុមហ៊ុន LLD Contraction Trading មានទីលំនៅផ្ទះលេខ៩៩ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ត្រូវបានលោកស្រី សឺ វណ្ណនី តំណាងអយ្យអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ មិនបំពេញកាតពកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

លោក ស្វាយ តុញ ចៅក្រមស៊ើបសួរបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពិតជាបានអនុញ្ញាតឱ្យជនត្រូវចោទត្រលប់ទៅផ្ទះវិញមែន ដោយលោកបានសម្រេចដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ទោះយ៉ាងណាលោកមិនបានបង្ហាញពីហេតុផលអ្វីនោះទេ ដោយលោកបាននិយាយថា លោកតម្រូវឱ្យជនត្រូវចោទមកបង្ហាញមុខនៅតុលាការនៅរៀងរាល់១៥ថ្ងៃម្តង។ លោកបន្តថា បើចង់ដឹងទៅសួរអ្នកនាំពាក្យរបស់តុលាការទៅ។

បើយោងតាមការអះអាងរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ៦០ឆ្នាំ ទីលំនៅផ្ទះលេខ ២១៣ ផ្ទះលេខ៣២A សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដែលបានបញ្ជាក់ថា ឈ្មោះ Waing Jian កាលពីអំឡុងឆ្នាំ២០១២ បានខ្ចីលុយពីខ្លួនចំនួន ១៧ម៉ឺនដុល្លារ ដោយមិនព្រមសងវិញសោះ រួចក៏បានចេញសែកគ្មានសាច់ប្រាក់ឱ្យខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងមួយនេះមានអ្នកមានអំណាចអន្តរាគមន៍យ៉ាងខ្លាំងក្លា រហូតដល់មានការដោះលែងឱ្យនៅក្រៅឃុំនេះបានកើតឡើងតែម្តង បើទោះជាតំណាងអយ្យការបានសម្រេចចោទប្រកាន់ក៏ដោយ៕

មតិយោបល់