ភ្នំពេញៈ ថៅកែម្ចាស់ការាស់សាំងយីហោ ឃាងមាស ម្នាក់ បានរត់ទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីកម្មករលាងឡានរបស់ខ្លួនបានលួចយករថយន្ត មួយគ្រឿង ដែលគេផ្ញើក្នុងការាស់នោះ យកទៅបាត់កាលពីវេលម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងការាស់សាំងយីហោ ឃាង មាស តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ថៅកែម្ចាស់ការាស់រងគ្រោះដែលត្រូវកម្មកររបស់លួចយកទៅបាត់នោះមានឈ្មោះ ហេង ឃាង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៨៦០ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ រីឯម្ចាស់រថយន្តដែលគេលួចយកទៅបាត់នោះមានឈ្មោះ ឈឹម ផុនណារ៉ា និងមានទីលំនៅខណ្ឌដង្កោ ហើយរថយន្តដែលគេលួចយកទៅបាត់នោះម៉ាក TOYOTA កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2 I-6962។ ចំណែកឯជនសង្ស័យដែលលួចយករថយន្តខាងលើនេះមានឈ្មោះ តាំង វ៉ាន់ស៊ុត ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅក្នុងការាស់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។
ប្រភពពីថៅកែម្ចាស់ការាស់រងគ្រោះបានឲ្យដឹងថា រយៈពេលកន្លងមកថ្មីៗនេះ ជនសង្ស័យធ្លាប់បានចូលធ្វើការងារនៅក្នុងការាស់ខាងលើបានរយៈពេល មួយខែ ហើយក៏សុំឈប់ពីការងារបើកប្រាក់ខែរួចបានពីរថ្ងៃ ក៏សុំចូលធ្វើការងារក្នុងការាស់នោះវិញបានតែពីរថ្ងៃក៏លួចយករថយន្ត មួយគ្រឿងដែលគេផ្ញើរនោះយកជិះទៅបាត់។
ថៅកែម្ចាស់ការាស់បានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ រូបគាត់បានក្រោកពីដំណេកហៅជនសង្ស័យរួមនិងកម្មករផ្សេងទៀតឲ្យក្រោកចាក់សោបើករបងការាស់ដើម្បីរៀបចំបើកការាស់ ដោយឲ្យជនសង្ស័យបើករថយន្តខាងលើយកមកទុកនៅខាងមុខការាស់រង់ចាំម្ចាស់មកយកដូចសប់ដង ខណៈនោះជនសង្ស័យក៏មានឱកាសល្អក៏បើករថយន្តចេញបាត់តែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់ការាស់ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវស្វែករកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕
មតិយោបល់