ព័ត៌មានជាតិ

អយ្យការចោទប្រកាន់បុរសម្នាក់ បើកបុកគេស្លាប់ ខណៈចៅក្រមកំពុងបន្តនីតិវិធី

ភ្នំពេញៈ រហូតមកដល់រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាតំណាងអយ្យការកាន់សំណុំរឿងបានសម្រេចចោទប្រកាន់ ជនត្រូវចោទឈ្មោះ ជ្រេង សំណាង ភេទប្រុស អាយុ៣៥ ជាផ្លូវការហើយ ពីបទ បើកបរធ្វេសប្រហែសបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ និងរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ យោងតាមមាត្រា ៨៦ នៃច្បាប់ស្តីពី ចរាចរាណ៍ផ្លូវគោកថ្មី។ លោកបានបន្ថែមថា លោកបានស្នើទៅចៅក្រមស៊ើបសួរឲ្យសម្រេចឃុំខ្លួនជនត្រូវចោទផងដែរ។

ដោយឡែកលោក រឿន លីណា ជាអ្ននកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សំណុំរឿងនេះ គឺលោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កំពុងពិនិត្យសំណុំឯកសារ ដោយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅជនត្រូវចោទឈ្មោះ ជ្រេង សំណាង ភេទប្រុស អាយុ៣៥ បានបើកបររថយន្តមួយគ្រឿង ម៉ាកកាមេរី ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5199 ក្នុងស្ថានភាពស្រវឹងជោកជាំ ទៅបុកម៉ូតូម៉ាកហុងដា C125 មួយគ្រឿង និងបន្តទៅបុករថយន្តមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅត្រង់ចំណុចលើស្ពានទឹកថ្លា ក្នុង សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ដោយបានបង្កឲ្យមានជនរងគ្រោះម្នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់ស្រាល។ ក្រោយពេលបុករួចជនត្រូវចោទបានព្យាយាមបើករថយន្តរត់គេចប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា៕

photo_2016-10-05_20-44-00photo_2016-10-05_20-44-04photo_2016-10-05_20-44-09photo_2016-10-05_20-44-11photo_2016-10-05_20-44-14

មតិយោបល់