ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសជនជាតិចិនម្នាក់ បាននាំស្រី្តម្នាក់មកដេកក្នុងផ្ទះសំណាក់ មួន មរកត បានដួលក្នុងបន្ទប់បណ្តាលឲ្យមានរបួស ត្រូវស្ត្រីដែលមកជាមួយហៅសន្តិសុខផ្ទះសំណាក់ជួយលើកដាក់រម៉កកង់បី ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសលក៏ស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខអា០៥ យីហោ មួន មរកត តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ហេង ជួហ្វឹង អាយុ៤២ឆ្នាំ នាយករងនៅសហគមន៍ ហឺណាន កាន់លិខិតឆ្លងដែនលេខ G៥៥៤៣៩០៥៥ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីជនជាតិចិនដូចគ្នាដែលមកជាមួយគ្នានោះមានឈ្មោះ ឈឹន លី អាយុ៣៦ឆ្នាំ ស្នាក់ជាមួយគ្នា។
មុនពេលកើតហេតុ តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះមានជនជាតិចិនប្រុសស្រី២នាក់ បានជិះរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 2A-0128 ចូលមកជួលបន្ទប់ខាងលើ ដើម្បីសម្រាក លុះប្រហែលជាកន្លះម៉ោងស្រាប់តែស្រ្តីជនជាតិចិនដូចគ្នាបានចេញមកពីបន្ទប់បានឃើញជនរងគ្រោះបែកក្បាល សង្ស័យថាដួលក្នុងបន្ទប់ ស្រែកឲ្យសន្តិសុខជួយលើកបុរសរងគ្រោះនោះដាក់លើម៉ូតូកង់បីដឹកយកទៅមន្ទីពេទ្យលោកសង្ឃដើម្បីសង្គ្រោះ ប៉ុន្តែបានរយៈពេលជាង២ម៉ោងឈានចូលម៉ោង២ទៀបភ្លឺឺថ្ងៃទី១៣ ខែឆ្នាំដដែល ក៏ស្លាប់បាត់បង់ជីវិតតែម្តង ទើបស្ត្រីខាងលើបានត្រឡប់ទៅយករថយន្តពីផ្ទះសំណាក់ខាងលើវិញ។
បច្ចុប្បន្នសពជនជាតិចិនខាងលើកំពុងតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕
មតិយោបល់