ភ្នំពេញៈ មានការភ្ញាក់ផ្អើល បន្ទាប់ពីមានករណីជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូពីនារីម្នាក់ មិនសម្រេចបណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូ តែត្រូវជនសង្ស័យទាញយកកាបូបបានហើយរត់ចោលម៉ូតូទៅបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅស្ពាន់ទី១ទល់មុខពេទ្យរុស្ស៊ី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GF-9978 បើកមកពីសាលារៀនគោលបំណងទៅផ្ទះ ខណៈជិះមកដល់ស្ពានទី១ទល់មុខពេទ្យរុស្ស៊ីក៏លេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងមួយគ្រឿង ម៉ាកអ៊ែវលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1L-5648 និងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក
បានជិះមកស្ទាក់ពីមុខ និងបានដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូពីជនរងគ្រោះ តែត្រូវជនរងគ្រោះភ័យបានដួលម៉ូតូ ភ្លាមៗជនសង្ស័យបានប្រតាយទាញយកកាបូបពីជនរងគ្រោះវិញ ហើយក៏ឡើងម៉ូតូមួយគ្រឿងទៀតរត់គេចបាត់ស្រមោល បន្សល់ទុកម៉ូតូ មួយគ្រឿងម៉ាក់អ៊ែវលែត ពណ៌សដែលជាម៉ូតូរបស់ជនសង្ស័យជិះមកធ្វើសកម្មភាពប្លន់។
នារីរងគ្រោះមានឈ្មោះ ឈីវ វិច្ឆិកា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើការពន្ធដា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ។ សម្ភារៈបាត់បង់រួមមាន៖
ទូរសព្ទ២គ្រឿងម៉ាក Iphone5 និងIphone7 ,កាតATM និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ននារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវយកមកផ្តន្ទាទោសតាម នីតិវិធិច្បាប់៕
មតិយោបល់