ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និង៥នាក់ទៀតរបួសធ្ងន់

រតនគិរីៈ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន៥នាក់ និងស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅត្រង់ចំណុចចុះទូល ស្ថិតក្នុងភូមិវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រន តាវលឿ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង ស្នាក់នៅភូមិតាង៉ាច ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរកសិករ(ស្លាប់) និងអ្នករួមដំណើរ២នាក់(រងរបួសធ្ងន់) ចំណែកឯជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់(របួសធ្ងន់)ជិះម៉ូតូម៉ាកស៊ីរូស។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូទាំង២គ្រឿងខាងលើ បានធ្វើដំណើរបញ្រ្ចាសទិសគ្នា ទើបបង្កឲ្យបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ចំនួន៥នាក់ រួចយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវបន្ត។ រីឯសាកសពត្រូវបញ្ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់