ព័ត៌មានជាតិ

លោកយាយអាយុ ៩៦ម្នាក់ស្មារតីវង្វេងដើរចេញពីផ្ទះ ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅលើដងផ្លូវ

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ដើរលើដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៨–២១៩ ស្ថិតនៅភូមិស្វាយស ឃុំស្វាយដូនកែវស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែកក្ដដាឆ្នាំ២០២២ វេលាយប់រំលងអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង(មិនស្គាល់ម៉ាក) បានបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកចំស្រ្តីវ័យចំណាស់ម្នាក់ដែលកំពុងដើរលើដងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ចាន់ ប៉ុច អាយុ ៩៦ឆ្នាំ ភេទស្រី មានទីលំនៅភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ រីឯអ្នកបើកបររថយន្ត បានបើករត់គេចខ្លួនបាត់ ចំពោះសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន និងដោយស្រ្តីវ័យចំណាស់មានស្មារតីវង្វេងដើរចេញពីផ្ទះផងដែរ ចំពោះរថយន្តបង្កសមត្ថកិច្ចបានកំពុងស្រាវជ្រាវបន្ត ៕

មតិយោបល់