ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូតូគេហើយយកទៅផ្ញើ ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូសង់កូរេ ហើយយកទៅផ្ញើហើយម្ចាស់តាមទាន់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាតឈានចូលថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៨ នៅកន្លែងផ្ញើរម៉ូតូក្រុម១ ភូមិទួលសង្កែក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ឯល សុផាហៅឆាង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរទីលំបច្ចុប្បន្នផ្ទះលេខ០៥០ ផ្លូវ៩៣ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួល សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ កាក់ ទិត្យ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ផ្លូវលំក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវមុខរបរកម្មករដឹកធុងហ្គាស់។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកសង់កូរេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FP3145 បច្ចុប្បន្នម៉ូតូខាងលើប្រគល់ឲ្យជនរងគ្រោះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៧និង៣៩នាទីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ជនរងគ្រោះ បានដាក់ម៉ូតូសង់កូរេខាងលើ នៅក្នុងរបងផ្ទះជួលមិនបានចាក់សោកម៉ូតូទេ រួចជនរងគ្រោះបានទៅដេក។
លុះម៉ោងប្រហែល១០និង៣០ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រោកឈឺនោមមិនឃើញម៉ូតូ ក៏ផ្អើលឆោឡោបាត់ម៉ូតូតែម្តង។

បន្ទាប់មកជនរងគ្រោះ និងកម្មករនៅជាមួយគ្នា បាននាំគ្នាដើររកម៉ូតូ តាមកន្លែងផ្ញើម៉ូតូ បានឃើញម៉ូតូរបស់ខ្លួន នៅកន្លែងម៉ូតូម្តុំប្រឡាយលូទឹកស្អុយ ក្នុងសង្កាត់ទួលសង្កែពេលនោះ ជនរងគ្រោះបានជួបជាមួយអ្នកទទួលផ្ញើម៉ូតូ ហើយអ្នកទទួលផ្ញើម៉ូតូ បាននិយាយប្រាប់ជនរងគ្រោះថា មានគេយកម៉ូតូមកផ្ញើនិងគាត់មែន បើបងឯងថាម៉ូតូរបស់បងឯង ចាំពេលគេមកយក ខ្ញុំទូរស័ព្ទហៅជនរងគ្រោះមកមើល។ លុះនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ទើបជនសង្ស័យឈ្មោះឯល សុផាហៅឆាង បានមកយកម៉ូតូ រួចអ្នកទទួលផ្ញើម៉ូតូ បានទូរស័ព្ទហៅជនរងគ្រោះ ឲ្យមកមើលភ្លាមៗនោះជនរងគ្រោះ បាននាំគ្នាទៅដល់កន្លែងផ្ញើម៉ូតូ បានឃើញជនសង្ស័យ ក៏ឃាត់ខ្លួនជនសង្ស័យ ទើបកកម្លាំងល្បាត សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យ និងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចម៉ូតូខាងលើប្រាកដមែន។
បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់កាេបន្តតាមនីតិវិធី៕

មតិយោបល់