ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងខារ៉ាអូខេ រតនៈសោភ័ណ្ឌ

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្ម ហាងខារ៉ាអូខេមួយកន្លែង យីហោ រតនៈសោភ័ណ្ឌKTV កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានអនុវត្តតាមបញ្ជារបស់លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះធ្វើការបិទនិងរុះរើ ទម្លាក់ស្លាកយីហោ ហាងខារ៉ាអូខេខាងលើនោះចោលនិងមិនអនុញ្ញាតឲ្យបើកដំណើរការឡើងវិញជារៀងរហូត។ មូលហេតុគឺដោយ សារតែម្ចាស់ហាងមួយនេះល្មើសនិងផ្គើនទៅនឹងការណែនាំរបស់អាជ្ញាធរ ដែលបានប្រជុំណែនាំជាបន្តបន្ទាប់រាប់ដងមិនឈ្នះមក ហើយ មិនតែប៉ុណ្ណោះមិនបានគោរពកិច្ចសន្យាដែលបានធ្វើឡើងជាមួយអាជ្ញាធរ ក្នុងងពេលកន្លងមកឡើយ។

ប្រភពដដែលបានបន្តទៀតថា ការប្រជុំណែនាំនិងធ្វើកិច្ចសន្យាក្នុងពេលកន្លងមក រវាងអាជ្ញាធរខណ្ឌនិងក្រុមអ្នករកស៊ីបើក ហាងខារ៉ាអូខេ ម៉ាស្សាកោសជប់ ឬភោជនីយដ្ឋាននានានៅទូទាំងខណ្ឌពោធិ៍សែនជ័យ ជាពិសេសក្រុមអ្នកបើកហាងKTV ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤នេះ គឺហាមមិនឲ្យបង្ករឿងវាយតប់គ្នាឬ បណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ និងរត់ប្រដេញចាប់ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋានឬលួចបន្លំលុយភ្ញៀវជាដើម។ត្រូវតែរួម ចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងមូលដ្ឋាន ប្រសិនបើនៅតែមិនអនុវត្តន៍ តាមកិច្ចសន្យានិងការ ណែនាំទេនោះនិងទទួលរងការបិទអាជីវកម្មតែម្ដង ។

ប៉ុន្តែទោះជាមានការប្រជុំណែនាំនិងព្រមានយ៉ាងខ្លាំងបែបណាក្ដី ក៏ម្ចាស់ហាងទាំងនេះមិនព្រមស្ដាប់ព្រមទាំងផ្គើន នៅតែបន្តរត់និងជិះម៉ូតូដេញចាប់ម៉ូយដដែល ទើបកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះបិទហាងនិងទម្លាក់ស្លាកយីហោ ឈប់ឲ្យបើករកស៊ីបន្តទៀតជារៀងរហូតហើយ៕

មតិយោបល់