បាត់ដំបងៈ លោកវរសេនីយ៍ត្រី ជា វណ្ឌី អធិការរងស្រុកសង្កែ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យរបួសម្នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៧ ភូមិស្វាយកង់ ឃុំអន្លង់ ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបរពីលិចទៅកើត បានជ្រុលចង្កូតទៅបុកអ្នកថ្មើរជើងប្រុសស្រី២នាក់ បណ្តាលភាគីខាងស្រ្តីរងរបួស និងបរុសរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯជនបង្កបានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេត សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ទើបធ្វើការវាស់វែងនិងកោសល្យវិច័យ។ រីឯសាកសពប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់