កកឈាម គឺជាជំងឺមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះវាអាចរាំងស្ទះដល់លំហូរឈាមទៅកាន់ខួរក្បាល ដែលបណ្តោលឲ្យអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល។ បើយោងតាមវេជ្ជបណ្ឌិត Elliot Richard Haut បាននិយាយថា មនុស្សរហូតដល់១សែននាក់បានស្លាប់ដោយសារតែជំងឺកកឈាម នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺជំងឺនេះមានការកើនឡើងច្រើនជាងជំងឺមហារីកសុដន់ទៅទៀត ហេតុនេះអ្នកជំនាញបានណែនាំឲ្យមនុស្សគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
ខាងក្រោមនេះ គឺជាក្រុមមនុស្សដែលប្រឈមនឹងជំងឺកកឈាមខ្ពស់បំផុត៖
១.ក្រុមមនុស្សលើសទម្ងន់
អ្នកឯកទេសផ្នែកសុខភាពបានយល់ស្របថា ប្រសិនបើអ្នកលើសទម្ងន់នឹងមានហានិភ័យនៃជំងឺកកឈាមក្នុងសរសៃឈាមរវែន និងសរសៃឈាមផ្សេងៗទៀត។ លោកវេជ្ជបណ្ឌិត Haut បាននិយាយថា ការខ្ជិល ឬអង្គុយូរពេក ធ្វើឲ្យអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយសារតែជំងឺកកឈាមកាន់តែខ្ពស់។
២.ក្រុមមនុស្សជក់បារី
ការជក់បារីមិនត្រឹមតែមានគ្រោះថ្នាក់ដល់សួតនោះទេ ថែមទាំងប្រឈមនឹងហានិភ័យនៃការកើតជំងឺកកឈាមផងដែរ។ លោកវេជ្ជបណ្ឌិត Pamela Burgwinkle បាននិយាយថា បារីអាចបំផ្លាញដល់ភ្នាស់នៃសរសៃឈាម និងធ្វើឲ្យឈាមស្អិតប្រែជាកក។
៣.ក្រុមស្ត្រីមានផ្ទៃពោះ
ការមានផ្ទៃពោះ នឹងធ្វើឲ្យដំណើរការនៃចលនាឈាមរត់កាន់តែស្មុគស្មាញដោយសារតែឥទ្ធិពលនៃអ័រម៉ូន ជាពិសេសអ័រម៉ូន estrogen។ មូលហេតុមួយទៀត គឺទារកកំពុងតែរីកលូតលាស់ធំឡើងនៅក្នុងស្បូន។ លោកវេជ្ជបណ្ឌិត Burgwinkle បាននិយាយថា នៅពេលដែលទារកលូតលាស់ វាអាចដាក់សម្ពាធលើសរសៃឈាមនៅក្នុងពោះ ឆ្អឹងអាងត្រគាក និងទប់ស្កាត់លំហូរឈាមដោយផ្ទាល់ ដែលបង្កឲ្យឈាមកក។
៤.មនុស្សដែលធ្លាប់មានកំណកឈាមពីមុន
តើអ្នកមានប្រវត្តិកើតជំងឺកកឈាមមែនទេ? បើដូច្នេះមែន អ្នកប្រហែលជាមានស្ថានភាពនេះកើតឡើងម្តងទៀត ព្រោះវាមានមួយភាគបួននៃអ្នកកើតជំងឺនេះនឹងមានការកើតឡើងវិញក្នុងរយៈពេល ១០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Burgwinkle និយាយថា ការកកឈាមបានបង្កើតឡើងនៅជុំវិញបំពង់សរសៃឈាមដែលងាយនឹងត្រូវបំផ្លាញបំផុត។ ក្នុងករណីខ្លះ អាចនាំឲ្យមានការកកឈាមកាន់តែខ្លាំងឡើង។
៥.ក្រុមមនុស្សដែលធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺកកឈាម
ប្រសិនបើអ្នកកើតក្នុងគ្រួសារដែលមានប្រវត្តិកើតជំងឺកកឈាម ជំហ៊ានទីមួយដែលអ្នកគួរធ្វើគឺឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ដើម្បីដឹងពីហានិភ័យដែលអ្នកមាន។ លោក Burgwinkle និយាយថា ហ្សែនមួយចំនួនអាចកំណត់ឲ្យឈាមរបស់អ្នកខាប់ និងកកស្ទះ ហើយអាចដឹងមុនតាមរយៈការធ្វើតេស្តពិនិត្យសុខភាពតែមួយមុខគត់៕

ប្រភព៖ soha
មតិយោបល់