ព័ត៌មានជាតិ

ហាយឡែនឌ័របុកម៉ូតូសង់អូសប្រហែល៥០០ម៉ែត្រ ជ្រុលបុករថយន្តគេ១គ្រឿងទៀតខ្ទាតបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូអូសប្រហែលជា៥០០ម៉ែត្រ បន្តទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យជនរងគ្រោះដែរជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-7532 បើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5489 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោក បុកម៉ូតូពីក្រោយពេញទំហឹងអូសប្រហែលជាជិត៥០០ម៉ែត្រ ហើយបន្តទៅបុកគូថរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកចំពីក្រោយបន្ថែមទៀត ហើយភ្លាមៗម្ចាស់រថយន្តដែលត្រូវគេបុកនោះ បានចុះពីលើរថយន្តហើយមកគោះទ្វាម្ចាស់រថយន្តបង្កឲ្យបើកទ្វាបានឆែកកាបូបបុរសនោះយកលុយ២០០ដុល្លារ ហើយទុកកាបូបលុយឲ្យរថយន្តបង្កវិញរួចក៏ជិះចេញទៅបាត់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៏ក្រុងឲ្យមកវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់