ហ្ស៊ីមបាវេៈ ប្រធានាធិបតីហ្ស៊ីមបាវេ លោក រ៉ូប៊ឺត មូហ្គាបេ ដែលជាប្រមុខរដ្ឋមានវ័យចំណាស់ជាងគេ នៅលើពិភពលោក បានបដិសេធមិនចុះចេញពីតំណែង ក្នុងអំឡុងពេលកិច្ចចរចា ជាមួយពួកយោធា ដែលបច្ចុប្បន្ន កំពុងគ្រប់គ្រងនៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
កិច្ចចរចាមួយ ត្រូវបានធ្វើទ្បើងក្នុងទីក្រុងហាររ៉ារ បន្ទាប់ពីថ្ងៃច្រួលច្របល់ ដែលពួកទាហានបានចូលមកបិទផ្លូវសំខាន់ៗ ក៏ដូចជារឹបអូសយកទូរទស្សន៍រដ្ឋ ព្រមទាំងបានដាក់មេដឹកនាំវ័យចំណាស់ ដែលកាន់អំណាច ក្នុងប្រទេសហ្ស៊ីមបាវេអស់រយៈពេល ៣៧ ឆ្នាំ ឲ្យស្ថិតនៅក្រោមការឃុំខ្លួន នៅក្នុងផ្ទះ។
ប្រភពមួយដែលជិតស្និទ្ធនឹងពួកកងទ័ព សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេដឹកនាំយោធា និងប្រធានាធិបតី បានជួបជុំគ្នា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងដើម្បីឲ្យលោក មូហ្គាបេ យល់ព្រមចុះចេញពីតំណែង ប៉ុន្តែរឿងនេះត្រូវបានលោក ធ្វើការបដិសេធផងដែរ ខណៈរូបលោក ត្រូវបានគេដឹងថា កំពុងព្យាយាមចង់អូសបន្លាយពេលវេលា។
សូមជំរាបថា ប្រទេសហ្ស៊ីមបាវេ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អន្តរជាតិយ៉ាងខ្លាំង នៅពេលមានកិច្ចអន្តរាគមន៍ពីពួកយោធា ប្រឆាំងនឹងលោក មូហ្គាបេ ដែលមានវ័យ ៩៣ ឆ្នាំ បានគ្រប់គ្រងប្រទេស ចាប់តាំងពីទទួលបានឯករាជ្យភាព ពីការគ្រប់គ្រងរបស់អង់គ្លេស នៅឆ្នាំ១៩៨០មកម្ល៉េះ៕
មតិយោបល់