ព័ត៌មានជាតិ

ក្មេងទំនើងប្រចាំភូមិ ផ្ទុះភ្លើងគំនុំចាស់កាប់គ្នាស្លាប់ម្នាក់ ចាប់ខ្លួនបាន៣នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីឃាតកម្មមួយបានកើតឡើង រវាងក្រុមក្មេងស្ទាវ ដែលជាក្មេងទំនើងប្រចាំភូមិ ឈ្លោះប្រកែកគ្នាយូរមកហើយ រហូតដល់គំគួនគ្នាផ្ទុះភ្លើងគំនុំចាស់ ប្រដាប់ដោយ ចបកាប់ ពូថៅ ចបជីក កាប់ប្រហារទៅលើយុវជនម្នាក់ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

ជនរងគ្រោះដែលស្លាប់មាន​ឈ្មោះ ​អោម សៅ​ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ របួសធ្ងន់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។ ចំណែកជនសង្ស័យទី១ឈ្មោះ សួន ចន្ធូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ជុក ទី២ឈ្មោះ ពិន ភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករសំណង់។

បន្ទាប់ពីទទួលបានករណីឃាតកម្មនេះភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចេញ​ធ្វេី​ការអន្តរាគមន៍ ​រុក​រកមុខសញ្ញាជនសង្ស័យ រហូតដល់ម៉ោងប្រហែលជា១យប់ ទើបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានតែម្តង។ ចំណែកមូលហេតុ គឺបណ្តាលមកពីជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់នឹងគ្នាយូរមកហើយ ទើបកើតជាការគំគួនរហូតមានទំនាស់កាប់ប្រហារគ្នាបណ្តាលឲ្យស្លាប់បែបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យ​ទាំង​៣ខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូនទៅកាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់បន្តទៀត។ រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់